(កោះកុង)៖ នៅក្នុងខេត្តកោះកុង មានមនុស្ស១៩នាក់ បានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ប៉ុន្តែពេលយកសំណាកពួកគេទៅធ្វើតេស្តរកជំងឺកូវីដ១៩ គឺលទ្ធផលអវិជ្ជមាន។ នេះបើតាមលោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា មនុស្ស១៩នាក់ដែលពាក់ព័ន្ធព្រឹត្តិការណ៍ក្នុងសហគមន៍២០កុម្ភៈ ដែលត្រូវបានយកធ្វើចក្តាឡីស័កនោះ ក្រោយពីធ្វើតេស្តនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តលើកទី១។ មនុស្សទាំង១៩នាក់នោះ មានជនជាតិចិន ៨នាក់ ជនជាតិអឺរ៉ុប ៤នាក់ ជនជាតិខ្មែរ ៧នាក់។
ដើម្បីការពារជំងឺឆ្លងកូវិដ១៩ ចូលក្នុងសហគមន៍ លោកប្រធានមន្ទីរ សំណូមពរសូមឲ្យអាជ្ញាធរគ្រប់មូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អទាំងផ្លូវទឹកផ្លូវគោក។ លោកជំរុញដល់អាជ្ញាធរ ចូលរួមផ្សព្វផ្សាយណែនាំអបរំបន្តបន្ថែមទៀត នៃការផ្សព្វផ្សាយណែនាំអបរំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវអនុវត្តន៍ឲ្យបានជាប់ជួននូវ ៣ការពារ ៣កុំ ជាប់ជានិច្ច។
លោកបានបញ្ជាក់ថា ពលករសំណាក់ស្រុកមកពីប្រទេសថៃកំពង់ធ្វើចក្តាឡីស័កមានចំនួន ១៣០នាក់៕