(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល នាទីស្នាក់ការកណ្ដាល បានរៀបចំកិច្ចប្រជុំជាលើកទីពីរ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជា ដើម្បីត្រៀមរៀបចំអបអរសាទរ ប្រារព្ធខួបទី១៥៣ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦។
ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងជាច្រើនចំណុចផងដែរ យកមកពិភាក្សាយ៉ាងលម្អិត ម្ដងមួយចំនុចៗ ហើយក្នុងនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានណែនាំដល់អនុគណៈកម្មការនីមួយៗ នូវចំនុចការងារបន្ថែមទៀត ដែលត្រូវអនុវត្តបន្ត និងឲ្យអនុគណៈកម្មការនីមួយៗ មានយោបល់ និងលើកជាសំនូមពរ ដាក់ជូនអង្គប្រជុំពិនិត្យ-សម្រេច ហើយបញ្ហាមួយចំនួន នឹងត្រូវសុំការពិនិត្យ-សម្រេច ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។
ទន្ទឹមនឹងនេះ អង្គប្រជុំបានសម្រេចថា នឹងយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ជាកិច្ចប្រជុំលើកទី ៣ បន្តទៀត ដើម្បីពិនិត្យ សម្រេចនូវចំនុចមួយទៀត ដែលមិនទាន់បានសម្រេចជាផ្លូវការ ។
បន្ទាប់មកអង្គប្រជុំ បានដំណើរការពិភាក្សា ដោយយកចិត្តទុកដាក់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ទៅតាមរបៀបវារៈ ដែលបានគ្រោងទុកដូចខាងក្រោមនេះ៖
១-ត្រួតពិនិត្យ ការងារត្រៀមរៀបចំ ខួបទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម របស់អនុគណៈកម្មការនីមួយៗ ដែលអនុវត្ដបន្ទាប់ពីកិច្ចប្រជុំដំបូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ។
២-មតិអង្គប្រជុំ និងទិសដៅអនុវត្ដន៍នៃគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ
៣- បញ្ហាផ្សេងៗ៕