(បន្ទាយមានជ័យ)៖ កងកម្លាំងឈរជើងការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តបន្ទាយមានជ័យ បាននិងកំពុងចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន។
ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកងកម្លាំងឈរជើងនៅទិសទី១ ខេត្តបន្ទាយមានជ័យ បានធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥។
ការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ បានប្រព្រឹត្តទៅនៅស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត និងទីបញ្ជាការតំបន់ប្រតិបត្តការសឹករង ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដល់បណ្តាកងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ បានចាប់ផ្តើមចាក់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយដំណើរការចាក់ គឺត្រូវបានរៀបចំទីតាំងផ្សេងៗគ្នាចំនួន ៨កន្លែង ក្នុងបណ្តាខេត្តចំនួន៤ រួមមានខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។
ក្នុងនោះកម្លាំងដែលត្រូវចូលរួមចាក់គឺ កម្លាំងរបស់យោធភូមិភាគទី៥, កងរាជអាវុធហត្ថ និងកងកម្លាំងនគរបាលជាតិ៕