Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកលេងពេលរាត្រីបើករថយន្តប្រដេញគ្នា ជ្រុលបុកអ្នកជិះម៉ូតូផ្លោងជិត ៥០ម៉ែត្រ ស្លាប់នៅនឹងកន្លែងកើតហេតុ (Video Inside)

26-02-2016 23:55

(ភ្នំពេញ)៖ ក្រុមពួកអ្នកលេងពេលរាត្រី ក្រោយផឹកស៊ីស្រវឹង បានបើករថយន្តព្រុសប្រដេញគ្នា តាមដងផ្លូវជ្រុលទៅបុកបុរសលក់ផ្កា កំពុងជិះម៉ូតូ ផ្លោងជិត ៥០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកន្លែងកើតហេតុ នាម៉ោងប្រមាណ ១០៖៤០នាទីយប់ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមសម្តីរបស់សាក្សីឃើញហេតុ ដែលបានប្រាប់អ្នកយកព័ត៌មានពេលរាត្រីរបស់ Fresh News ស្ថិតនៅកន្លែងកើតហេតុ បានឲ្យ ដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តព្រុស ២គ្រឿង ដែលអ្នកបើកបរប្រហែលស្ថិតក្នុងស្ថានភាពស្រវឹងដូចគ្នានោះ បានបើក ដេញបុកគ្នាពេញផ្លូវ។ លុះដល់ចំណុចកើតហេតុ រថយន្តមួយគ្រឿង បានជ្រុលទៅបុកម៉ូតូ ដែលបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសកំពុងជិះម៉ូតូផ្លោងជិត ៥០ម៉ឺត្រ និងស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយបង្កគ្រោះថ្នាក់ហើយ ក្រុមជនបង្ក បាននាំគ្នាគេចខ្លួនបាត់អស់ បន្សល់តែរថយន្តនៅកន្លែងកើតហេតុ។ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនបង្កនៅឡើយទេ។ ក្រោយកើតហេតុភ្លាមៗ  ក្រុមគ្រួសារជនរងគ្រោះ បានមកដល់កន្លែងកើតហេតុស្រែកទ្រហោយំបោកខ្លួន ដូចអកស្តាយសាច់ញាតិរបស់ពួកគេ។

ជនរងគ្រោះមានឈ្មោះ វ៉ាន់ នីលុត អាយុ ២៦ឆ្នាំ មុខរបរជាអ្នកលក់ផ្កា ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។

ក្រឡេកទៅប្រជាពលរដ្ឋឯណោះវិញ បាននាំស្រែកជេរប្រទេចផ្តាសាយ៉ាងខ្លាំង ទៅលើក្រុមជនបង្ក ដោយអ្នកខ្លះហៅក្រុមជនបង្កថា  ជាអ្នកលេងរាត្រី ជាជនពាល ជាជនបាតសង្គមជាដើម។ ប្រជាពលរដ្ឋ បានទាមទារផងដែរ ឲ្យសមត្ថកិច្ចតាមចាប់ និងផ្តន្ទាទោសក្រុម ជនបង្កឲ្យតឹងរឹងបំផុតតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលបានកំណត់៕

ក្រុមអ្នកលេងពេលរាត្រី បើករថយន្ត Prus ប្រដេញគ្នា ជ្រុលបុកអ្នកម៉ូតូស្លាប់ម្នាក់

Posted by Fresh News on Friday, February 26, 2016