(ឧត្តរមានជ័យ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគនិងសម្ភារប្រើប្រាស់ សរុបថវិកាអស់ចំនួន៤១លានរៀល ដែលជាអំណោយរបស់ក្រុមហ៊ុនលឹម ហេង គ្រុប ត្រូវបាននាំយកទៅប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីនគរបាលជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងនូវការអរគុណដល់ក្រុមហ៊ុនលឹម ហេង គ្រុប ពិសេសលោកឧកញ៉ាលឹម ហេង អគ្គនាយកក្រុមហ៊ុន ដែលជានិច្ចជាកាលតែងតែបានចូលរួមឧបត្ថម្ភ គាំទ្រ ដល់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តនិងនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ។
លោកឧត្តមសេនីយ៍ទោស្នងការបានថ្លែងបញ្ជាក់ទៀតថា ស្របពេលដែលជំងឺកូវីដ.១៩កំពុងរីករាលដាល ហើយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កំពុងបំពេញបេសកកម្មចូលរួមទប់ស្កាត់គ្រប់ទីកន្លែងនោះ ការប្រគល់អំណោយរបស់ក្រុមហ៊ុន លឹម ហេង គ្រុបនៅពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ពិសេសបានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ឲ្យកាន់តែមានទឹកចិត្តក្នុងការបំពេញការងារ ក៏ដូចជាបង្ហាញឲ្យឃើញពីសកម្មភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ពិសេសលោកឧកញ៉ាលឹមនហេង ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តឧត្តរមានជ័យទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា អំណោយដែលប្រគល់នៅពេលនេះរួមមាន អង្ករផ្កាម្លិះចំនួន១០តោន ទឹកត្រីចំនួន១០០យួរ ទឹកស៉ីអ៉ីវចំនួន១០០យួរ មីជាតិចំនួន១០០កេស ត្រីខកំប៉ុងចំនួន១០០យួរ ទឹកបរិសុទ្ធសឹង្ហចំនួន១០០យួរនិងម៉ាស់ចំនួន២ម៉ឺនបន្ទះ សរុបទឹកប្រាក់អស់ចំនួន ៤១លានរៀល៕