(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅរសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំងកូវីដ១៩ និងដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហាន ចូលរួមចាក់ការពារនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងភូមិពាក់ស្បែក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា «វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលទទួលបាននៅពេលនេះ មានសារៈសំខាន់ខ្លាំងណាស់អាចជួយយើងឲ្យចៀសផុតពីជំងឺកូវីដ១៩បាន។ ជាមួយនឹងការចាក់វ៉ាក់សាំងរួច យើងទាំងអស់គ្នាក៏មិនត្រូវភ្លេចថែរក្សាអនាម័យផងដែរ ពិសេសត្រូវគោរពតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារនិង៣កុំ ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាលផងដែរ»។
ក្នុងនាមអង្គភាពកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងនូវការអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាក្រសួងសុខាភិបាលដែល បានខិតខំបង្កើតយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធនៅពេលនេះ។ លោកសំណូមពរដល់អ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងទាំងអស់ ស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីរក្សាគុណភាពថ្នាំវ៉ាក់សាំងកូវីដ១៩នេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕