(ក្រចេះ)៖ លោក វ៉ា ថន អភិបាល អភិបាលខេត្តក្រចេះ បានចុះពិនិត្យមើល ការបើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិនដែលមានឈ្មោះ ស៉ីណូហ្វាម ដែលយុទ្ធនាការនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
ក្នុងដំណើរចុះពិនិត្យ ការចាក់វ៉ាក់សាំងការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នេះដែរ សង្កេតឃើញ មានការចូលរួមពីសំណាក់ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក លោកស្រីជាស្នងការរងជាច្រើនរូបទៀត។
លោកអភិបាលខេត្តក្រចេះ បានបញ្ជាក់ផងដែរថា «ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ គឺយើងចាក់បានទាំងអស់គ្នាចាប់ពីអាយុ១៨ឆ្នាំដល់៥៩ឆ្នាំ។ តែពេលនេះយើងផ្តល់អទិភាពដល់មន្រ្តីសុខាភិបាល និងខាងស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ជាមុនសិន ដែលជាកងកម្លាំងជួរមុខ និងមានភាពប្រឈមខ្ពស់ រួចមកយើងនឹងបន្តមក តាមមន្ទីរសុខាភិបាលខេត្ត អញ្ជើញក្នុងពេលវេលាសមស្រប»។
ជាមួយនេះដែរ លោក អភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្តក្រចេះ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ហើយត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ។ ក្នុងនោះមាន ៣ការពារ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៉ីនត្រជាក់ច្រើនពេក៕