(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាទៅកាន់មន្រ្តីពាក់ព័ន្ធឲ្យបែងចែកថវិកា ទទួលបានពីការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ទៅមន្រ្តីថ្នាក់ក្រោមឲ្យបានត្រឹមត្រូវ ហើយមន្រ្តីនគរបាលទាំងអស់ត្រូវបើកគណនីនៅធនាគារ ដើម្បីបើកប្រាក់ទាំងអស់នេះ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយកិច្ចប្រជុំប្រចាំសប្តាហ៍  របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈនេះថា ក្នុងកិច្ចប្រជុំនេះ សម្តេចក្រឡាហោម ស ខេង បានកំណត់ឲ្យមន្រ្តីនគរបាលទាំងអស់បើកគណនីធនាគារ ដើម្បីបើកប្រាក់លើកទឹកចិត្ត ដែលទទួលបានពីការផាកពិន័យ ហើយសម្តេចបានបញ្ជាក់ថា ការបើកប្រាក់នេះ ត្រូវតែធ្វើឲ្យត្រឹមត្រូវទៅបានការសម្រេចរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា យោងតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ បានកំណត់ថា ប្រាក់ផាកពិន័យពីបទល្មើសច្បាប់ចរាចរណ៍ ៥ភាគរយ ដាក់ចូលទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ហើយនៅសល់ ៩៥ភាគរយ ត្រូវបែងចែកជូនដល់កងកម្លាំងនគរបាល។ ក្នុងនោះនគរបាលចរាចរណ៍ចុះប្រចាំការតាមដងផ្លូវទទួលបាន៧០ភាគរយ ជូនអង្គភាពប្រតិបត្តិការរបស់កងកម្លាំង ២៥ភាគរយ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នមន្រ្តីនគរបាល ដែលចុះអនុវត្តច្បាប់លើដងវិថីជារៀងរាល់ថ្ងៃ ក៏ត្រូវបាន សម្តេច ស ខេង ឧបត្ថម្ភម្នាក់ ៤,០០០រៀល ជារៀងរាល់ថ្ងៃផងដែរ។

គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេលជិត ២ខែ នៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ថវិកាជិត៤ពាន់លានរៀល ត្រូវបានផាកពិន័យពីអ្នកបើកបរល្មើសច្បាប់ចរាចរណ៍៕