(ភ្នំពេញ)៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ នាថ្ងៃទី២៨ ខែកុម្ភៈ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានរៀបចំចាត់ចែងក្រុមការងារបានយ៉ាងល្អ ដើម្បីទទួលការងារពាក់ព័ន្ធជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពោលគឺបើមានបញ្ហាដោះស្រាយបន្ទាន់ៗ ក្រុមការងារនឹងធ្វើដោះស្រាយភ្លាមៗតែម្តង។
បន្ថែមពីលើនេះទៀតលោក ឃួង ស្រេង ក៏បានរៀបចំជាកន្លែងធ្វើការ កន្លែងប្រចាំបញ្ជា កន្លែងសម្រាកសម្រាប់កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យជាមួយនឹងរោង ផ្តល់អាហារហូបចុកសម្រាប់ពីរពេលមួយតុ៥នាក់ ជូនទៅដល់កងកម្លាំងចម្រុះ ដែលបាននិងកំពុងបំពេញការងារនៅក្នុងសាលារាជធានីភ្នំពេញនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមការងារមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារ ក្នុងដំណាក់កាលរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលដឹកនាំដោយលោក ឃួង ស្រេង ដែលបាន និងកំពុងប្រចាំការនៅទីបញ្ជាការស្រាល នៅសាលារាជធានីភ្នំពេញ២៤ម៉ោងលើ២៤ ម៉ោងនេះ គេបានឃើញវត្តមានលោក ឃួង ស្រេង ប្រចាំការ ១យប់ស្ទើទល់ភ្លឺ ហើយការងារនេះក្រុមការងារ និងលោក ឃួង ស្រេង បានបំពេញយ៉ាងសកម្មតាំងពីថ្ងៃទី១៩កុម្ភៈមកម្ល៉េះ។ បើគិតមកដល់ពេលនេះ ក្រុមការងារបានបំពេញការងារទាំងយប់ទាំងថ្ងៃ រយៈពេលជាងមួយសប្តាហ៍ហើយ៕