(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ដើម្បីចូលរួមទប់ស្កាត់ និងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសជំរុញការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
៣ ការពារ ៖
* ពាក់ម៉ាស
* លានដៃ
* រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់)។
៣ កុំ ៖
* កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែង ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ * * កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ
* កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម៕