(កណ្តាល)៖ លោក ទូច វុទ្ធី ប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំព្រែកថ្មី តំណាងឧត្តមសេនីយ៍ ចៅ តុល នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជាអនុប្រធានគណៈពង្រឹងអចិន្ត្រៃយ៍ស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី បានចុះសំណេះសំណាលជាមួយក្រុមប្រឹក្សា និងយុវជន ស.ស.យ.ក ក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
នាឱកាសនោះផងដែរលោក ទូច វុទ្ធី ក៏បានលើកទឹកចិត្តដល់ក្រុមយុវជន ស.ស.យ.ក ទាំងអស់មាន ៤៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល អង្ករ ២៥គីឡូមី, ២កេស និងក្រុមប្រឹក្សាឃុំ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ចៅ តុល និងក្រុមការងារចុះជួយឃុំព្រែកថ្មី។
ក្នុងពិធីសំណេះសំណាលនេះ លោកក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍កិត្តិព្រឹទ្ធបណ្ឌិត ហីុង ប៊ុនហៀង និងលោកឧត្តមសេនីយ៍ឯក ចៅ តុល។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ក្រុមប្រឹក្សាជាពិសេសយុវជន ស.ស.យ.ក ឃុំព្រែកថ្មីទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយការងារយ៉ាងសកម្មក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល នាពេលកន្លងមកនេះ ហើយលោកក៏បានជំរុញបន្ថែមផងដែរ ឱ្យយុវជនទាំងអស់ខំប្រឹងពង្រឹងការងារ និងរៀនកុំព្យូទ័រឱ្យស្ទាត់ជំនាញផងដែរ។
លោក ទូច វុទ្ធី ក៏បានអំពាវនាវឱ្យយុវជនទាំងអស់ចូលរួមការពារជំងឺកូវីដ-១៩ ដោយរក្សាគម្លាត ពាក់ម៉ាស លាងដៃជាមួយអាកុល ឬជែល ជាពិសេសត្រូវអនុវត្តតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាដើម។
ក្នុងនាមលោកឧត្តមសេនីយ៍ឯក ចៅ តុល និងថ្នាក់ដឹកនាំ លោក ទូច វុទ្ធី ក៏បានជម្រាបជូនពីស្ថានភាពនយោបាយដែលកំពុងតែវិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា និងពិភពលោកផងដែរ។ លោកបានអះអាងបន្ថែមទៀតថា គ្មានពេលណាដែលប្រទេសកម្ពុជា មានសុខសន្ដិភាព ដូចពេលនេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនឡើយ ដូច្នេះសូមចូលរួមថែរក្សាសន្ដិភាពដែលរកបានដោយលំបាកនេះទាំងអស់គ្នា៕