(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា បើទោះបីបច្ចុប្បន្ននេះ កម្ពុជាកំពុងជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩ ក្តី ក៏ប៉ុន្តែវាមិនអាចរារាំងដល់ផែនការសកម្មភាពអភិវឌ្ឍន៍នានា នៅក្នុងខេត្តនោះទេ ខណៈសកម្មភាពនៅតែបន្តជំរុញដល់មន្ទីរ អង្គភាព បន្តសកម្មភាពការងាររបស់ខ្លួនជាធម្មតា។
ការលើកឡើងបែបនេះរបស់លោក ម៉ម សារឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចបន្ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញអង្គភាព ពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបផងដែរ។
លោក ម៉ុម សារឿន បានបញ្ជាក់ថា គោលបំណងក្នុងកិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យនូវរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងការពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធិភាព ទៅតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ សម្រាប់អភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តន៍ក្នុងខែបន្តបន្ទាប់ទៀត។
អភិបាលខេត្ត បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរងគ្រោះដោយសារជំងឺកូវីដ១៩ ដែលបានប៉ះពាល់ ដល់សេដ្ឋកិច្ចប្រទេសកម្ពុជានោះទេ លោកបន្តជំរុញដល់គណៈអភិបាលក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងគ្រប់ប្រភេទ ឱ្យអនុវត្តផែនការការអប់រំផ្សព្វផ្សាយបំផុសចលនាចូលរួម បង្ការ ការពារ និងទប់ស្កាត់ការហើយរៀលដើរនៃជំងឺកូវីដ១៩ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលឱ្យបានហ្មត់ចត់បំផុតជាពិសេសវិធានការ ៣ការពារ និង ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ជាមួយគ្នានេះដែរ លោក ម៉ម សារឿន ក៏បានណែនាំឱ្យមានការពន្យារ ឬលើកពេលនៃការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗទៀត។ ក្នុងករណីចាំបាច់ដែលត្រូវរៀបចំពិធីទាំងនោះត្រូវកាត់បន្ថយអ្នកចូលរួមឱ្យមានចំនួនតិច និងរក្សាឱ្យបាននូវគម្លាតសុវត្ថិភាព និងបានណែនាំដល់មន្ទីរសុខាភិបាលខេត្ត រួមសហការជាមួយរដ្ឋបាលក្រុងឱ្យបន្តបាញ់ថ្នាំការពារពីជំងឺកូវីដ-១៩ នៅតាមទីកន្លែង សារធារណៈដែលជាទីកន្លែងប្រជុំជន ដើម្បីជៀសវាងឱ្យបានការឆ្លងចូលក្នុងសហគមន៍ក្នុងខេត្តស្ទឹងត្រែង ជាដើម។
លោក ម៉ុម សារឿន បានបន្ថែមថា «ចំពោះផែនការសកម្មភាពអភិវឌ្ឍន៍ក្នុងខេត្តស្ទឹងត្រែង នៅតែបន្តជំរុញដល់មន្ទីរអង្គភាព ឱ្យបន្តសកម្មភាពរបស់ខ្លួន ជាធម្មតាក្នុងការធ្វើឱ្យមានការអភិវឌ្ឍក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាកំណើនជីវៈភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងមូលក្នុងខេត្តស្ទឹងត្រែង។ ដោយក្នុងនោះដែរថ្មីៗនេះ រដ្ឋបាលខេត្តបាននឹងកំពុងសាងសង់នូវសមិទ្ធផលជាច្រើនក្នុងខេត្ត ក្នុងនោះ បានជួសជុល និងស្ថាបនាឡើងវិញ នៅផ្លូវជាតិលេខ០៧ចាស់ ឱ្យទៅជាផ្លូវភ្លោះ ដែលតភ្ជាប់ពីផ្លូវជាតិលេខ០៩ ចូលមកក្រុងស្ទឹងត្រែង»។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរជំនាញ អង្គភាពក្រុងស្រុក និងមន្ត្រីរាជការ ដែលបានខិតខំប្រឹងអស់កម្លាំងកាយចិត្ត ក្នុងកាអនុវត្តការងារសហការគ្នា យ៉ាងសកម្ម ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត និងចូលរួមអនុវត្តនូវគោលនោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យខេត្តស្ទឹងត្រែង មានសន្តិសុខសណ្តាប់ធ្នាប់ និងរីកចម្រើនជាបន្តបន្ទាប់៕