(ព្រៃវែង)៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៧,៨០០ដូសនាព្រឹកថ្ងៃទី១ ខែមីនាឆ្នាំ២០២១នេះ ត្រូវបានមន្ទីរសុខាភិបាលខេត្តព្រៃវែង រៀបចំយុទ្ធនាការចាក់ជាលើកដំបូងដល់ក្រុមគ្រូពេទ្យជួរមុខ មន្រ្តីរាជការ និងកម្លាំងនគរបាល ដែលមានមន្ទីរពេទ្យចំនួន១២កន្លែង ដល់មនុស្សប្រមាណ ៣,៩០០នាក់ នៅខេត្តព្រៃវែង។
លោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង ឱ្យដឹងថា «មន្ទីរសុខាភិបាល បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់បុគ្គលិកសុខាភិបាល កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរជួរមុខ ដូចជា អភិបាលរងខេត្តអភិបាល-អភិបាលរងស្រុក/ក្រុង គណៈកម្មការភូមិ-ឃុំ សង្កាត់ ដែលមានអាយុពី ១៨ឆ្នាំ ដល់៥៩ឆ្នាំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃនៅតាមមន្ទីរពេទ្យបង្អែកចំនួន ១២កន្លែង ចាប់ពីថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១នេះតទៅ ជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោងធ្វើការ ហើយវ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះត្រូវបានចាក់ទៅលើមនុស្សប្រមាណ ៣,៩០០នាក់ ជាលើកដំបូងនៅខេត្តព្រៃវែង»។
លោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ បានបន្តថា ទោះបីជាយើងបានចាក់នៅវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ពិតមែន ក៏ប៉ុន្តែយើងត្រូវតែបន្តអនុវត្ត តាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដោយត្រូវអនុវត្តតាមវិធានការណ៍ ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនដោយមិនត្រូវភ្លេចខ្លួននោះទេ។
សូមបញ្ជាក់ថា នៅខេត្តព្រៃវែង រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ មានមនុស្សចំនួន១៧៨នាក់ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»៕