(ភ្នំពេញ)៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ ស្រវឹងធ្លាក់ភ្នែក បើករថយន្តមួយគ្រឿងម៉ាក Highlander ក្នុងល្បឿនលឿន មិនប្រយ័ត្នដល់ចំណុចផ្លូវកែង បួងចង្កូតលឿនពេក ជ្រុលបុកចូលស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅចំណុចផ្លូវប៉េតុង ក្នុងភូមិសន្សំកុសល ក្បែរសាលាសង្កាត់បឹងទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្តាលធ្លាយរបងចូល ទៅក្នុងរងការខូចខាតសម្ភារៈមួយចំនួន និងបង្កឲ្យបុរស២នាក់ ជាកម្មករមើលការខុសត្រូវ ទីនោះត្រូវរងរបួសធ្ងន់ ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩៖១៥នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។

សាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា រថយន្តបង្ក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z–2951 បើកបរដោយបុរសម្នាក់ ក្នុងសភាពស្រវឹង តាមបណ្តោយផ្លូវប៉េតុង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកបំណងឡើងទៅផ្លូវមួយទៀត ប៉ុន្តែបួងចង្កូតមិនអស់ ក៏ជ្រុលទៅបុកធ្លាយរបងស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ពេញទំហឹងតែម្តងទៅ បណ្តាលឲ្យមនុស្ស២នាក់ជាកម្មករ ដែលកំពុងសម្រាកក្បែរនោះ ត្រូវរងរបួសធ្ងន់ និងសម្ភារៈមួយចំនួន ត្រូវរងការខូចខាត ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ដោយសម្របសម្រួលឲ្យភាគីខាងម្ចាស់ រថយន្តបង្កចេញថ្លៃខូចខាតសម្ភារៈ និងថ្លៃព្យាបាលមនុស្សទាំងអស់ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

បុរសម្នាក់ស្រវឹងជោក បើករថយន្តលឿនដល់ផ្លូវកែង មិនប្រយ័ត្នជ្រុលបុកចូលស្ថានីយ៍ប្រេងឥន្ធនៈ រងរបួសកម្មករ២នាក់

Posted by Fresh News Photo on Friday, February 26, 2016