(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវបានចាក់ដល់កងកម្លាំងក្នុងបណ្តាអង្គភាពទាំង៣ ចំនួន១,៧៦១នាក់ ដែលនៅជួរមុខក្នុងស្ថានីយរថភ្លើង ស្ថិតក្នុងភូមិប៉ោយប៉ែត១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរួចរាល់ហើយ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា៖ «ការចាត់វ៉ាក់សាំងការពារជំងឺ-១៩ ដល់បណ្តាអង្គភាពទាំង៣នោះ មានជាច្រើនពាន់ដូស គឺជាយុទ្ធនាការជំហានទី១ ដែលយើងនឹងចាក់ជូននគរបាល អាវុធហត្ថ និងយោធា ជួរមុខជាអាទិភាព»។
បើតាមលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត កងកម្លាំងយោធាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជារទិសទី១, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ កម្លាំអាវុធហត្ថដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះតទៅ ឯការចាក់វ៉ាក់សាំងជាលើកទី២ គឺត្រូវធ្វើបន្តក្រោយពីចាក់លើកទី១ បានរយៈ ១៤ថ្ងៃ យ៉ាងតិច។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានឱ្យដឹងថា ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ក្នុងមនុស្សម្នាក់ត្រូវចំណាយពេលវេលាប្រមាណ ១០ ទៅ១៥នាទី ក្នុងការពិនិត្យឈាម វាស់កំដៅ ពិគ្រោះជំងឺ និងធ្វើឯកសារ ទើបធ្វើការចាក់វ៉ាក់សាំងនេះបាន។
ដូច្នេះ ក្នុងមួយថ្ងៃៗ ការចាក់វ៉ាក់សាំងជូនបណ្តាអអ្គភាពទាំង៣ មិនអាចចាក់លើសពីចំនួន ៥០នាក់ នេះឡើយ។ ជាមួយគ្នានេះ សមត្ថកិច្ចទាំង៣ ដែលមានសម្ពាធឈាមខ្ពស់ ជាតិស្ករឡើងខ្ពស់ និងជំងឺផ្សេងៗប្រចាំកាយត្រូវពិគ្រោះ ជាមួយគ្រូពេទ្យជាមុនសិន មុនធ្វើការស្ម័គ្រចិត្តចាក់បាក់សាំងជំងឺនេះ៕