(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ មានមន្ទីរពេទ្យបង្អែកចំនួន៣ ក្នុងខេត្តកំពង់ធំ ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកសុខាភិបាល មន្ត្រីនគរបាល ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត មានទីតាំងនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុកស្ទោង និងមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-ស្រុកសន្ទុក។
ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងនេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានថ្លែងថា ការចាក់វ៉ាក់សាំងនេះ គឺមិនមានការបង់ប្រាក់ទេ ហើយតាមការស្ម័គ្រចិត្ត និងបន្តចាក់ជូនជាបន្តបន្ទាប់តាមលំដាប់អាទិភាព តាមគោលការណ៍របស់ក្រសួងសុខាភិបាល ទៅតាមដំណាក់កាល តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង។
ជាមួយគ្នានោះដែរ មន្ត្រីរាជការទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរជានិច្ចពីសុខភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ៕