(សៀមរាប)៖ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលអង្គភាព Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រយៈពេល២ខែ ដើមឆ្នាំនេះ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤,១៩៤នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៧២,៨២៣ដុល្លារអាមេរិក។
ដោយឡែកសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន ១២២,៣៥៧ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ២,៩៨១នាក់។
សម្រាប់ខែកុម្ភៈនេះដែរ គឺភ្ញៀវបរទេសដែលបាននទិញបណ្ណចូលទស្សនារមណីយអង្គរ គឺមានការថយចុះ ៩៧.៤៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ សម្រាប់ចំណូលសរុប ១២២,៣៥៧ដុល្លារអាមេរិក គឺមានការថយចុះ ៩៧.៨៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។
ក្នុងរយៈពេល២ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨,៣៨៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕