(ភ្នំពេញ)៖ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកជលផល បានថ្លែងថា បទល្មើសនេសាទនៅតែជាបញ្ហា ប្រឈម និង កង្វល់មួយនៅក្នុងវិស័យជលផល ខណៈឆ្នាំ២០១៥កន្លងទៅបទល្មើសនេសាទ ដែលបានបង្រ្កាបមានជិត ៤ពាន់ករណី កើនជាង ២០០ករណី បើធៀបឆ្នាំ២០១៤។
នៅក្នុងកិច្ចប្រជុំបូកការងារឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ នៃអគ្គនាយកដ្ឋានជលផលនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក អេង ជាសាន បានថ្លែងថា រដ្ឋបាលជលផលបានខិតខំរិះរកវិធានការធ្វើឲ្យផលត្រីកើនឡើងវិញ ដោយបានការពារកន្លែងអភិ រក្ស និងបង្រ្កាបបទល្មើសនេសាទ ជាពិសេសឧបករណ៍ស្បៃមុង ឧបករណ៍ឆាក់ និងឧបករណ៍ល្មើសច្បាប់ផ្សេងៗទៀត។ ជាលទ្ធផល ក្នុងឆ្នាំ២០១៥ បទល្មើសនេសាទជាង ៣ពាន់ករណីត្រូវបានបង្ក្រាប ហើយជនល្មើសប្រមាណ ៧០នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធ នាគារ។ ក្នុងនោះថវិកាប្រមាណជា ១ពាន់លានរៀល ត្រូវបានផាកពិន័យពីអ្នកប្រព្រឹត្តបទល្មើសនេសាទ។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានជលផលឆ្នាំ២០១៥ ការបង្រ្កាបបទល្មើសនេសាទកើនឡើងជិត ៣០០ករណី។
ពាក់ព័ន្ធបទល្មើសនេសាទនេះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បានបង្ហាញការព្រួយបារម្ភផងដែរ ក្លាចបាត់បង់ត្រីនៅក្នុងទឹកទន្លេ ដោយសារការនេសាទល្មើសច្បាប់នេះ ជាពិសេសការប្រើឧបករណ៍ស្បៃមុង ដែលឧបករណ៍ស្បៃមុង នេះប្រមូលយកត្រីតូចៗ ហើយមិនមែនយកទៅធ្វើជាចំណីរបស់មនុស្សនោះឡើយ។ បើតាមលោក អ៊ុក រ៉ាប៊ុន ការប្រើឧបករណ៍ស្បៃ មុងនេះ អាចនឹងធ្វើឲ្យត្រីទន្លេវិនាស។
របាយការណ៍របស់ជលផល នៅក្នុងឆ្នាំ២០១៥ ឧបករណ៍នេសាទប្រើស្បៃមុងជិត ២លានម៉ែត្រ ត្រូវបានកម្លាំងជលផលដុតកម្ទេច ចោល។
អគ្គនាយករដ្ឋបាលជលផល លោក អេង ជាសាន បានស្នើក្រសួងកសិកម្ម បង្កើនថវិកា សម្ភារៈ បង្រេងឥន្ធនៈ ព្រមទាំងស្នើសុំថវិកា សាងសង់អាគារធិការដ្ឋាន ខណ្ឌ និងផ្នែករដ្ឋបាល ព្រមទាំងទិញកាណូត និង នាវាផងដែរ ដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសនេ សាទឲ្យមានប្រសិទ្ធភាព។
សំណើនេះ មិនទាន់មានការឆ្លើយតបទីលោករដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន នៅឡើយ ដោយលោកសុំយកទៅពិចារណាជាមុនសិន៕
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ
លោក អេង ជាសាន អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល