(ភ្នំពេញ)៖ ដើម្បីចូលរួមការពារអាយុជីវិតប្រជាពលរដ្ឋពីការបើកបរក្នុងស្ថានភាពស្រវឹង កម្លាំងនគរបាលចរាចរណ៍ជើងគោក នឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងជាង ១០គោលដៅនៅទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ចាប់ពីម៉ោង ៩យប់ថ្ងៃទី២៦ ដល់ម៉ោង ៣ទៀបភ្លឺថ្ងៃទី២៧ ខែកុម្ភៈ នេះ។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់នេះ បានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យក្នុងរាជធានីភ្នំពេញ មាន ៧ទីតាំង ស្ថិតក្នុងធានីភ្នំពេញ មានខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌសែនសុខ និងនៅជាយរាជធានីភ្នំពេញ ស្ថិតតាមបណ្តាយផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងលេខ៦។ ដោយឡែកខេត្ត ដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាត់ស្រវឹងដែរនោះ មានខេត្តកណ្តាល កំពង់សោម និងត្បូងឃ្មុំ។
គួរបញ្ជាក់ថា របាយការណ៍ផ្លូវការរបស់សមត្ថកិច្ចបានឲ្យដឹងថា ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ គ្មានការឃាត់អ្នកបើកបរស្រវឹងឡើយ។
កម្លាំងសមត្ថកិច្ច បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំបើកបរពេលស្រវឹង និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ៕