(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ស្អែកនេះ នឹងយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។
តាមការគ្រោងទុកថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សជាច្រើនអង្គទៀត នឹងអញ្ជើញយាង ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី។
សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី តែងតែយាងទៅពិនិត្យរាជសុខភាពមួយឆ្នាំពីរដងនៅប្រទេសចិន តាមការយាងរបស់ក្រុមគ្រូពេទ្យចិន។ កំលុងពេលព្រះអវត្តមានរបស់ព្រះមាហក្សត្រនេះ រាល់ព្រះរាជកិច្ចត្រូវបានប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលជាប្រមុខរដ្ឋស្តីទី៕