(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ដែលកំពុងធ្វើចត្ដាឡីស័កនៅផ្ទះ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ៤ និងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងប្រជាពលរដ្ឋ៤០គ្រួសារផ្សេងទៀត ដែលមានជីវភាពខ្វះខាត។
ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៤៥គ្រួសារ ដែលរស់នៅក្នុងភូមិទាំង២ខាងលើ មានការជាប់ពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍កូវីដ១៩ សហគមន៍២០កុម្ភៈ ហើយក្រោយពេលរកឃើញពួកគាត់ ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ។
ជាក់ស្ដែងពេលនេះ លោកបាននាំយកសាច់ជ្រូកចំនួន៧ក្បាល ស្មើនឹងជិត៧០០គីឡូក្រាម ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចែកជូនពួកគាត់ រួមនឹងទីតាំងចត្តាឡីស័កផ្សេងទៀតផងដែរ។ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើឲ្យប្រជាពេលរដ្ឋទាំងអស់ ត្រូវអនុវត្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ មានពិធីមង្គលការនៅក្នុងភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ដែលមានអ្នកចូលរួមច្រើន ហើយក្នុងចំណោមភ្ញៀវដែលចូលរួមក្នុងពិធីនេះ គឺមានអ្នកផ្ទុកជំងឺកូវីដ-១៩។ បន្ទាប់មកអាជ្ញាធរ និងក្រុមជំនាញ បានយកសំណាកម្ចាស់ដើមការ ទាំងគ្រួសារខាងប្រុស និងខាងស្រីចំនួន១៥នាក់ ហើយក្រោយមកបានឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ។ លុះនៅថ្ងៃទីទី២៥ ខែកុម្ភៈ អាជ្ញាធរបានរកឃើញ នៅប្លុកផ្ទះជួលនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យបន្ថែមទៀត។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់ (ចំណែកអ្នកជំងឺ២នាក់ដែលបាត់នោះ ក្រសួងបានរកឃើញ និងនាំមកព្យាបាលនៅមន្ទីរពេទ្យហើយ)៕