(ភ្នំពេញ)៖ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានប្រឌិតថា មាននាយនគរបាលម្នាក់ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ធ្លាក់ខ្លួនពិការជើង ក្រោយចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន។ នេះបើតាមលិខិតបដិសេធ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
នាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានធ្វើការបដិសេធខ្លឹមសារដែលបានបង្ហោះខាងលើទាំងស្រុង នៅលើគណនី Facebook ឈ្មោះ Chhun Vean II និងបកស្រាយបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ជា ឧត្តម បម្រើការងារនៅក្នុងនាយដ្ឋានសន្តិសុខផ្ទៃក្នុង មានជំងឺគៀបសរសៃប្រាសាទឆ្អឹងខ្នង (Hernir Crural) និងលើសអាស៊ីតធ្ងន់ធ្ងរជាយូរមកហើយ និងថ្មីៗនេះបានបណ្តាលឲ្យប៉ះពាល់សរីរាង្គផ្នែកខាងក្រោមចង្កេះ ធ្វើឲ្យជើងទាំងពីរស្លឹកទន់ដើរពុំរួច។
លិខិតបដិសេធដដែលនោះ បានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំនាយកដ្ឋាន បាននាំយកថវិកា និងសម្ភារមួយចំនួន ទៅសួរសុខទុក្ខ និងផ្តល់ជូន ប៉ុន្តែបែរជាមានជនខិលខូចមួយចំនួន ក្នុងនោះ មានគណនី Facebook ឈ្មោះ Chhun Vean II បានយកព័ត៌មាននេះ ទៅផ្សព្វផ្សាយខុសការពិតទៅវិញ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ជា ឧត្តម ពុំដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ទេ និងពុំមានលក្ខខណ្ឌគ្រប់គ្រាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមានជំងឺប្រចាំកាយ។
នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក៏បាបថ្កោលទោសចំពោះការបង្ហោះព័ត៌មាន ដែលមានចរិតញុះញង់ខុសការពិតនេះ និងតម្រូវឲ្យម្ចាស់គណនីខាងលើ ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ បើមិនដូច្នោះទេ នាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕