(ភ្នំពេញ)៖ «ទោះជាខ្ញុំក្មេង តែខ្ញុំធ្វើកិច្ចការជោគជ័យជាច្រើន ហេតុអ្វីអ្នកខ្លះ មើលងាយខ្ញុំម្ល៉េះ? អរគុណបងប្អូនជាច្រើនតែងផ្តល់កម្លាំងចិត្តឲ្យខ្ញុំ» នេះជាការលើកឡើងរបស់កញ្ញា ធី សុវណ្ណថា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ការលើកឡើងអំពី «ការមើលងាយសមត្ថភាព» កញ្ញា ធី សុវណ្ណថា ធ្វើឡើងបន្ទាប់ពីកញ្ញា បានប្រកាសទាមទារសិទ្ធិគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ រយៈពេល៦ខែ ដើម្បីជំរុញឲ្យទូរទស្សន៍ឆាប់ដំណើរការ, ប៉ុន្តែត្រូវបានកញ្ញារៀបរាប់វិញថា នៅឆ្នាំ២០១៣ កញ្ញាបានដឹកនាំយុវជនរាប់ម៉ឺននាក់ ហែគាំទ្រគណបក្សសង្គ្រោះជាតិ, ឆ្នាំ២០១៤ ដឹកនាំយុវជនចែកមូលនិធិជាង ២០០កន្លែង, ឆ្នាំ២០១៥ ដឹកនាំទេសចរណ៍ជាង១០០០នាក់ ទៅតំបន់អារ៉ែង និងចុងក្រោយឆ្នាំ២០១៦ ទទួលបានមូលនិធិអន្តរជាតិ បើកអង្គការដើម្បីកុមារ នេះបង្ហាញពីសមត្ថភាពរបស់កញ្ញា ក្នុងការដឹកនាំការងារទូទៅ។
កញ្ញា ធី សុវណ្ណថា បានរៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា «នាងខ្ញុំ ធី សុវណ្ណថា ២០១៣ ដឹកនាំយុវជនរាប់ម៉ឺននាក់ ហែបក្ស, ២០១៤ ដឹកនាំចែកមូលនិធិ ជាង២០០កន្លែង, ២០១៥ ដឹកនាំទេសចរណ៍ជាង១០០០នាក់ ទៅអារ៉ែង, ២០១៦ ទទួលមូលនិធិអន្តរជាតិ បើកអង្គការកុមារ, ទោះជាខ្ញុំក្មេង តែខ្ញុំធ្វើកិច្ចការជោគជ័យជាច្រើន ហេតុអ្វីអ្នកខ្លះ មើលងាយខ្ញុំម្លេះ? អរគុណបងប្អូនជាច្រើន តែងផ្តល់កម្លាំងចិត្តឲ្យខ្ញុំ»៕