(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តឧត្តរមានជ័យ បានក្រើនរំលឹកដល់ក្រុមការងារបក្សចុះជួយខេត្តឧត្តរមានជ័យ យកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការជួយដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
ការជំរុញ និងក្រើនរំលឹកក្រុមការងារគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋពីសំណាក់ លោក គន់ គីម បានធ្វើឡើងក្នុងពេលរូបលោកជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់ដឹកនាំបណ្តាសាខាបក្ស ចំណុះគណៈកម្មាធិការបក្សប្រជាជនស្រុកត្រពាំងប្រាសាទ និងជំរុញការអនុវត្តទិសដៅការងារគណបក្សឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក គន់ គីម បានលើកបង្ហាញនូវបញ្ហាប្រឈមជាច្រើនរបស់ប្រជាពលរដ្ឋ ព្រោះតែការរីករាតត្បាតនៃជំងឺកូវីដ១៩។
លោក គន់ គីម ដែលមានឋានៈជាទេសរដ្ឋមន្ត្រីក្នុងជួររាជរដ្ឋាភិបាលកម្ពុជាដែរនោះ ក៏បានលើកបង្ហាញពីការគិតគូរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋ និងការទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩ផងដែរ។
លោក គន់ គីម បានរំលឹកត្រួសថា មកដល់ពេលនេះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែឈរជើងរឹងមាំប្រយុទ្ធនឹងបញ្ហាបង្កដោយកូវីដ១៩។ សម្តេចតេជោ នៅតែបញ្ចេញកញ្ចប់ថវិកាជាតិ ជួយដល់ពលរដ្ឋក្រីក្រ និងរងគ្រោះពីជំងឺកូវីដ១៩, ផ្តល់ថវិកាដល់កម្មករបាត់បង់ការងារ និងបន្តបញ្ចេញថវិកានានាជាច្រើនទៀត សម្រាប់ការទប់ស្កាត់ និងប្រយុទ្ធការរីករាលដាលជំងឺកូវីដ១៩។
លោក គន់ គីម បានលើកឡើងក្នុងឱកាសនោះថា «ជំងឺកូវីដ១៩ ដែលបានយាយីប្រទេសយើងជាងមួយឆ្នាំកន្លងទៅ ក៏ដូចជាកំពុងបន្តយាយីនៅកម្ពុជាយើងនេះ បានបង្កផលប៉ះពាល់ខ្លាំងសម្រាប់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋយើង។ តែទោះជាលំបាកយ៉ាងណាក៏ដោយចុះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ លោកគិតគូរ លោកប្រឹងប្រែងក្នុងការដោះស្រាយបញ្ហា រក្សាស្ថានភាពសេដ្ឋកិច្ច និងដោះស្រាយការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋយើង»។
លោក គន់ គីម បន្តថា «នេះគឺជាស្មារតី និងឆន្ទៈប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន របស់គណបក្សប្រជាជនកម្ពុជា។ យើងមិនដែលចុះញ៉ម យើងមិនដែលរាថយ យើងមិនដែលរត់ចោលប្រទេសជាតិ ឬប្រជាជននៅពេលមានបញ្ហានោះឡើយ។ យើងក្រាញននៀល យើងប្រឹងប្រែងដោះស្រាយរាល់បញ្ហាដែលមាននៅក្នុងសង្គមជាតិរបស់យើង»។
របាយការណ៍បានបង្ហាញថា នៅក្នុងខែមករា ឆ្នាំ២០២១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ៤១៤លេីក ជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ គិតជាទឹកប្រាក់ជាង ២៥៥លានរៀល និងផ្តល់សម្ភារៈជាច្រើនទៀត។
ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រុមការងារក៏បានចាត់តាំងពង្រឹងការគ្រប់គ្រង និងធ្វេីចត្តាឡីស័ក្ក ចំពោះពលករចំណាកស្រុក និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោក គន់ គីម បន្តសំណូមពរក្រុមការងារគណបក្សនៅមូលដ្ឋាន បន្តយកចិត្តទុកដាក់លើបញ្ហាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋ ហើយត្រូវជួយដោះស្រាយឱ្យបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យបន្តពង្រឹងការអនុវត្តវិធានការទប់ស្កាត់ និងបង្កាជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់វិធានការ ៣ការពារ និង៣កុំ។ ជាពិសេសត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ចំពោះបុគ្គលទាំងឡាយដែលល្មេីសច្បាប់ក្នុងការធ្វើចត្តាឡីស័ក។
ដេីម្បីជំរុញការងារបក្សនៅមូលដ្ឋានឱ្យកាន់តែល្អប្រសេីរនោះ ក្នុងកិច្ចប្រជុំនេះ លោក គន់ គីម ប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ បានសម្រេចឧបត្ថម្ភថវិកាជូនយុវជនបក្សក្នុងមួយខែចំនួន ៥លានរៀល និងគណបក្សឃុំ ទាំង៦ ក្នុងមួយឃុំ ១ខែ ១លានរៀល។
លោក គន់ គីម ក៏បានឧបត្ថម្ភប្រធានសាខាបក្សភូមិ ៦០នាក់ ម្នាក់ ៥ម៉ឺនរៀលផងដែរ៕