(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោល ពន្ធតាមរបបម៉ៅការ ហើយការលុបបំបាត់នេះ បានផ្តល់នូវសមធម៌ចំពោះអ្នកជាប់ពន្ធ។
ការថ្លែងបែបនេះរបស់ លោក គង់ វិបុល ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញបើកសិក្ខាសាលា ស្តីពីការអនុវត្តកាតព្វកិច្ចពន្ធ និងកាតព្វកិច្ចរបស់ភ្នាក់ងារសេវាកម្មពន្ធដារ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាជាតិពន្ធដារ។
លោកបានលើកឡើងថា «ការលុបចោលការបង់ពន្ធតាមរបបម៉ៅការ មកជាបង់តាមរបបស្វ័យប្រកាស គឺជាការបង់ពន្ធប្រកបដោយសមធម៌»។
លោក គង់ វិបុល បានថ្លែងក្នុងសិក្ខាសាលានោះថា នេះជាសិក្ខាសាលាមួយមានសារៈសំខាន់ ដើម្បីរួមចំណែកខ្ពស់ ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចពន្ធ និងកាតព្វកិច្ចរបស់ភ្នាក់ងារ សេវាកម្មពន្ធដារ ហើយសិក្ខាកាមចូលរួមទាំងអស់នឹងទទួល បាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ស្តីពីវិជ្ជាជីវៈខាងផ្នែកផ្ដល់សេវាកម្មពន្ធដារ ជូនដល់ក្រុមហ៊ុនដែលជាអតិថិជនរបស់ខ្លួន។
ជាមួយគ្នានេះ លោក គង់ វិបុល ក៏បានថ្លែងអំណរគុណតំណាងក្រុមហ៊ុននានា ដែលមានវត្តមានចូលរួមនៅក្នុង អង្គសិក្ខាសាលាដ៏មានសារសំខាន់នេះ ដែលសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ខ្ពស់ក្នុងការគោរពប្រតិបត្តិច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងផ្សព្វផ្សាយដើម្បីពង្រឹងសេវាកម្ម ផ្នែកពន្ធដារឲ្យអនុវត្តបានត្រឹមត្រូវ តាមក្រមវិជ្ជាជីវៈនៃភ្នាក់ងារសេវាកម្មពន្ធដារ៕