(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បកស្រាយករណីមន្ត្រីមន្ទីរសុខាភិបាលខេត្ត ចុះនាំជនជាតិចិន និងកម្មករខ្មែរ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម យកទៅពិនិត្យធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីមានបណ្តាញផ្សព្វផ្សាយមួយចំនួន ធ្វើការផ្សាយបំភ្លៃខុសពីការពិត។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺរដ្ឋបាលខេត្តកំពង់ចាម ចង់ជម្រាបជូនដល់សាធារណជន ប្រជាពលរដ្ឋដែលរស់នៅក្រុងកំពង់ចាម ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អំពីករណីមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះនាំជនជាតិចិន និងកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម មកពិនិត្យសុខភាព និងយកសំណាករកវីរុសកូវីដ-១៩។
ដើម្បីជៀសវាងនូវការយល់ច្រឡំ ឬបកស្រាយខុសទាក់ទងនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តកំពង់ចាម បានបកស្រាយថា នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១
ដោយសារមានការសង្ស័យទៅលើជនជាតិចិន ០៨នាក់ ដែលទើបនឹងត្រឡប់មកពីភ្នំពេញ ហើយមានប្រវត្តិធ្លាប់ចេញ-ចូល នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ តាមការសាកសួររបស់មន្ត្រីសុខាភិបាលទៅលើជនជាតិចិនទាំង ០៨រូបនោះ ពួកគាត់បានផ្តល់ព័ត៌មានមិនច្បាស់លាស់។
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីបង្ការ ការពារការចម្លងនៃវីរុសកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ចាម បានណែនាំឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំជនជាតិចិន២១នាក់ និងកម្មករសំណង់ខ្មែរ ៣៤នាក់ (សរុប ៥៥នាក់) ដែលកំពុងសាងសង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម យកមកដាក់នៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យសុខភាព និងយកសំណាក ក្នុងការធានាបាននូវសុវត្ថិភាព និងកាត់ផ្តាច់ខ្សែចម្លងចូលក្នុងសហគមន៍។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល, នៅពេលដែលរដ្ឋបាលខេត្តកំពង់ចាម ទទួលបានលទ្ធផលដែលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាមិនមានករណ៍វិជ្ជមានកូវីដ-១៩ រដ្ឋបាលខេត្តនឹងអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅបំពេញការងារតាមធម្មតាវិញ៕