(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញដោយលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជាប្រធានគណៈកម្មាធិការសម្របសម្រួល បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ក្រុមការងារជញ្ជីងចល័ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងអាជ្ញាធរដែនដីពាក់ព័ន្ធ បានចុះតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិសាស្ត្រភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានត្រួតពិនិត្យរថយន្តខ្សាច់ និងចំណីសត្វចំនួន១៥គ្រឿង ដោយបានរកឃើញរថយន្តចំនួន ១២គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ដោយក្នុងរថយន្ត១គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់៦តោន និង១១គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០តោន ដល់ ៣០តោន ដែលផ្ទុយពីច្បាប់បានកំណត់។
លោក សេង ឈួន បានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ១២គ្រឿងនោះ មានរថយន្ត ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% នឹងត្រូវរើឥវ៉ាន់ចេញ ហើយត្រូវផាកពិន័យ ទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត ដែលដឹកលើសទម្ងន់លើសពី២០% នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងលេខ០៤៩ សជណ.សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញ ផ្លូវថ្នល់ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដោយការរឹតបន្តឹងនេះបានចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ តែមានម្ចាស់រថយន្តដឹកមួយចំនួន មិនព្រមអនុវត្តតាមណែនាំឡើយ ។
លោករដ្ឋលេខាធិការ បានពន្យល់ណែនាំដល់ម្ចាស់រថយន្តអំពីច្បាប់ នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ស្ដីពីផ្លូវថ្នល់) និងសំណូមពរទៅក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ សូមចូលរួមសហការអនុវត្តច្បាប់នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ (ឆាប់ខូចមុនអាយុកាល) និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានថ្លែងបញ្ជាក់ថា ការរឹតបន្តឹងនេះនឹងធ្វើឡើងជាប្រចាំគ្រប់ផ្លូវទូទាំងខេត្តកំពង់ស្ពឺ ដូច្នេះរថយន្តដែលមិនចូលរួមគោរពច្បាប់ត្រូវទទួលរងពិន័យជាប្រាក់ បន្ថែមជាងនេះប្រឈមការឃាត់រថយន្តមួយរយះពេលតាមការកំណត់ដោយច្បាប់៕