(កណ្ដាល)៖ មនុស្ស៤នាក់ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយធ្វើសកម្មភាពក្លែងហត្ថលេខា និងត្រារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅស្រុកពញាឮ ខេត្តកណ្តាល។
ក្រោយការសួរនាំ និងចោទប្រកាន់ពេញមួយថ្ងៃ ទីបំផុតតុលាការខេត្តកណ្តាល បានចេញដីកាឃុំខ្លួនពួកគេទាំង៤នាក់ ដាក់ពន្ធនាគារ ដើម្បីរង់ចាំការកាត់ទោសនៅថ្ងៃក្រោយទៀត។ ក្រោយចេញដីកាឃុំខ្លួន កម្លាំងនគរបាលបាននាំខ្លួន ពួកគេទាំង៤នាក់ ទៅកាន់ពន្ធនាគារនៅល្ងាចថ្ងៃដដែលនេះ។
លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលលោក រស់ ផុនច័ន្ទនិមល បានសម្រចចេញដីកាឃុំខ្លួន ក្រោមបទចោទប្រកាន់បុរស៤នាក់ពីបទ «ក្លែងបន្លំឯកសារសាធារណ:, ប្រើប្រាស់ឯកសារសាធារណៈក្លែង (ក្លែងលិខិត, ក្លែងហត្ថលេខា និងត្រារបស់នាយករដ្ឋមន្ត្រី), ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងយោធា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើប្រើប្រាស់ឯកសារធារណៈក្លែង។
បុគ្គលទាំង៤នាក់ដែលត្រូវបានចាប់ខ្លួននេះ ទី១៖ ឈ្មោះ យ៉ាន់ ចំណាប់ អាយុ៥៥ឆ្នាំ, ទី២៖ ឈ្មោះ សួន ផល្លី អាយុ៥៤ឆ្នាំ, ទី៣៖ ឈ្មោះ យ៉ែម សារឿន អាយុ៦៦ឆ្នាំ និងទី៤៖ ឈ្មោះ មាស ភូរិន្ទ អាយុ២៦ឆ្នាំ។ ជនទាំង៤នាក់នេះ បានប្រព្រឹត្តនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឬ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
តាមដំណើររឿងមានដូចខាងក្រោម៖
ឈ្មោះ យ៉ែម សារឿន បានសារភាពថា ខ្លួនជាតំណាងប្រជាពលរដ្ឋ៣១គ្រួសារ នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានផ្តិតមេដៃស្នើសុំកាត់ដីបឹងចំណុចបឹងកញ្ច្រាំចំនួន ៨.៦០ហិចតា ពេលនោះនៅក្នុងឆ្នាំ២០១៧ ខ្លួនបានពឹងពាក់ឈ្មោះ ហម សន្ធិ ឱ្យជួយរត់ការសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងក្រសួងធនធានទឹក ដើម្បីកាត់ដីនេះ ប៉ុន្តែមិនបានសម្រេច។ បន្ទាប់មកនៅឆ្នាំ២០១៩ ឈ្មោះ យ៉ែម សារឿន បានពឹងឈ្មោះឡុង សុខ ឱ្យជួយរត់ការម្តងទៀត ប៉ុន្តែមិនបានសម្រេច រហូតមកដល់ឆ្នាំ២០២០ ឈ្មោះ យ៉ែម សារឿន បានពឹងឈ្មោះ សួន ផល្លី ដើម្បីរត់ការសុំ ស.ជ.ណ និងកាត់ដីពីក្រសួងធនធានទឹក នៅចំណុចខាងលើ ដោ
យ មានធ្វើកិច្ចសន្យាព្រមព្រៀងគ្នាលើតម្លៃ និងមានរយៈពេលកំណត់។
លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឈ្មោះ សួន ផល្លី បានផ្ញើលិខិតបង្គាប់ការលេខ៣៨ អអរ/២១ មកឱ្យឈ្មោះ យ៉ែម សារឿន។ បន្ទាប់ពីទទួលបានលិខិតបង្គាប់ការនេះហើយឈ្មោះ យ៉ែម សារឿន បានថតចម្លងឯកសារនេះចេញជាច្រើនសន្លឹក និងបានឱ្យឈ្មោះ ម៉េង ទៅសួរមេឃុំព្រែកតាទែន ដើម្បីស្នើសុំការចុះវាស់វែង។
ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ខ្លួនបានទទួលការពឹងពាក់ពីឈ្មោះ យ៉ែម សារឿន ដើម្បីរត់ការកាត់ដីបឹងកញ្ច្រាំនៅចំណុច ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដែលមានទំហំ ៨.៦០ហិចតាដើម្បីស្នើសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ទីតាំងខាងលើចែកជូនប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដោយធ្វើការព្រមព្រៀងក្នុងតម្លៃ ១.៥០០.០០០$។ បន្ទាប់ពីធ្វើកិច្ចព្រមព្រៀងស្តីពីការផ្តល់សេវាកម្មធ្វើប័ណ្ណកម្មសិទ្ធិដីរួចមក ខ្លួនបានពឹងពាក់ឱ្យឈ្មោះ យ៉ាន់ ចំណាប់ ជាអ្នកធ្វើលិខិតបង្គាប់ការពីរាជរដ្ឋាភិបាល លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បានផ្ញើឯកសារលិខិតបង្គាប់ការមកឱ្យខ្លួនពិនិត្យមើលខ្លឹមសារ ពេលនោះខ្លួនថា អាចទទួលយកបាន ហើយក៏ឱ្យ យ៉ាន់ ចំណាប់ រៀបចំចុះហត្ថលេខាយកមក។
នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បានមកជួបខ្លួនដោយយកលិខិតបង្គាប់ការថតចម្លងដែលមានលេខ ៣៨ អអរ/២១ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានដីកាបង្គាប់នេះភ្លាមខ្លួនក៏បាន ហៅឈ្មោះ យ៉ែម សារឿន ឱ្យមកយកដីកាបង្គាប់ការនេះ និងបានទទួលប្រាក់ចំនួន ២១.០០០$ ពីឈ្មោះយ៉ែម សារឿន។
ឈ្មោះ មាស ភូរិន្ទ ដែលត្រូវជាកូនចៅរបស់ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ឈ្មោះ សួន ផល្លី មានទំនាក់ទំនងជាមួយឈ្មោះ យ៉ាន់ ចំណាប់ និងពាក់ព័ន្ធរឿងរត់ការលិខិតបង្គាប់ការនេះពិតប្រាកដមែន។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បានថតរូបឯកសារផ្ញើមកឱ្យឈ្មោះ សួន ផល្លី ហើយឈ្មោះ សួន ផល្លី បានប្រើខ្លួនឱ្យជួយអានខ្លឹមសារឯកសារនោះ។ បន្ទាប់មកឈ្មោះ សួន ផល្លី បានឱ្យខ្លួនផ្ញើប្រាក់ ទៅឱ្យឈ្មោះ យ៉ាន់ ចំណាប់ ជាច្រើនដងក្នុងមួយដងចន្លោះពី ៣០០$ ទៅ ៥០០$ ហើយឈ្មោះ សួន ផល្លី បានឱ្យខ្លួនបើកឡានជូនគាត់ទៅជួបឈ្មោះ យ៉ាន់ ចំណាប់ និងបានប្រគល់ប្រាក់ជាច្រើននៅហាងកាហ្វេ PN ម្តុំផ្សារទំនើបអ៊ីអន២។
តាមចម្លើយសារភាពរបស់ ឈ្មោះ យ៉ាន់ ចំណាប់ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខ្លួនបានទទួលការពឹងពាក់ពីឈ្មោះ សួន ផល្លី រត់ការរឿងដីធ្លីរបស់ប្រជាជន ៣១គ្រួសារដែលស្ថិតនៅចំណុចបឹងកញ្ច្រាំ ទំហំ ៨.៦០ហិចតា នៅភូមិស្លែដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីធ្វើ ស.ជ.ណ របស់រាជរដ្ឋាភិបាលដោយឈ្មោះ សួន ផល្លី សន្យាថា នឹងឱ្យប្រាក់ទៅខ្លួន ៥០.០០០$ ក្រោយពីធ្វើបានសម្រេច តែខ្លួន
បានទារលុយមុនចំនួន១០.០០០$ ។ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឈ្មោះ សួន ផល្លី បានទូរស័ព្ទណាត់ខ្លួនទៅជួបនៅហាងកាហ្វេដដែល និងបានប្រគល់ប្រាក់ចំនួន ១០.០០០$ ទៅឱ្យខ្លួនដើម្បីរត់ការ។
បន្ទាប់មកខ្លួនក៏បានទៅជួបអ្នកកាត់តឯកសារ ដែលស្គាល់គ្នានៅហាងកាហ្វេមួយកន្លែង ដើម្បីឲ្យកាត់តឯកសារធ្វើ ស.ជ.ណ ដោយព្រមព្រៀងគ្នាក្នុងតម្លៃ ១០០$។ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ អ្នកកាត់តបានផ្ញើរូប
ភាពលិខិតបង្គាប់ការ គ្មានលេខ គ្មានត្រា គ្មានហត្ថលេខា មកឱ្យខ្លួន។ ខ្លួនក៏ផ្ញើបន្តទៅឱ្យឈ្មោះ សួន ផល្លីមើល។ ក្រោយពីព្រមព្រៀងគ្នាលើខ្លឹមសារហើយ ខ្លួនក៏បានឱ្យអ្នកកាត់ត នោះធ្វើលិខិតបង្គាប់ការ
ដោយមានលេខ ឈ្មោះ ត្រា និងហត្ថលេខា របស់សម្តេចតេជោ ហ៊ុន សែន ដែលចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
ក្រោយមកទៀតខ្លួនបានថតចម្លងលិខិតនេះ ហើយណាត់ជួបឈ្មោះ សួន ផល្លី ដើម្បីប្រគល់លិខិតនេះឱ្យទៅគាត់ និងទទួលបានប្រាក់កក់ ពីឈ្មោះ សួន ផល្លី ១០.០០០$ ទៀត។ រយៈពេលប្រហែលមួយសប្តាហ៍ក្រោយមក ឈ្មោះ សួន ផល្លី បានទាក់ទងសួរអំពីលិខិតច្បាប់ដើម ខ្លួនក៏បានកុហកឈ្មោះ សួន ផល្លី ថា ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ មិនបានប្រគល់ច្បាប់ដើមឲ្យទេ។ ករណីនេះបានបែកធ្លាយដល់ថ្នាក់ដឹកនាំ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន រហូតចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕