(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រឆាំងជំងឺកូវីដ១៩ខេត្ត លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាត់ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ ជាមុខសញ្ញាដែលពាក់ព័ន្ធបុរសជនជាតិខ្មែរ១នាក់ មានវិជ្ជមានកូវីដ១៩ ក្រោយបានមកចូលរួមក្នុងពិធីមង្គលការក្មួយនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាសកាលពីថ្ងៃទី២១ ខែកុម្ភៈ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថាបានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស មានផ្ទុកជំងឺកូវីដ-១៩ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះ និងបានរៀបចំទីតាំងសម្រាប់ពិនិត្យសុខភាព យកសំណាកចំនួន២កន្លែង គឺនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស និងនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់អ្នកដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំងចំនួន២កន្លែង ដែលមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបានរៀបចំ។
ដោយឡែកចំពោះបងប្អូន ដែលមិនស្ថិតក្នុងស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមណ្ឌលសុខភាព ដែលនៅជិតកន្លែងស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងសូមឲ្យបងប្អូន ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ។ សម្រាប់បងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរសខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺនេះ។
កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានរកឃើញថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ បានទៅចូលរួមពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តកំពង់ចាម បានអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តអំពាវនាវដល់អ្នក ដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យសុខភាព និងយកសំណាកដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស៕