(សៀមរាប)៖ អង្គការសុខុមាលភាពសត្វសកលលោក FOUR PAWS បានសហការជាមួយមន្ទីរកសិកម្មខេត្តសៀមរាប និងមានការចូលរូមជាមួយស្នងការដ្ឋាននគរបាលខេត្ត បានចុះឃាត់រថយន្តតូរីសមួយគ្រឿង និងអ្នកបើកបរភ្លាមៗ បន្ទាប់ពីបានលួចដឹកសត្វឆ្កែចំនួន ៦១ក្បាល ដើម្បីយកទៅសម្លាប់យកសាច់ដាក់លក់។
ការស្ទាក់ចាប់រថយន្តដឹកសត្វឆ្កែនេះ បានធ្វើឡើងកាលពីពេលថ្មីៗ និងបន្ទាប់ពីមានសេចក្តីណែនាំរបស់អាជ្ញាធរខេត្តមួយនេះ មិនឲ្យលក់ និងទិញសាច់ឆ្កែនោះឡើយ នៅខែកក្កដា ឆ្នាំ២០២០។ អង្គការ FOUR PAWS បានសហការជាមួយអង្គការក្នុងស្រុក Paw Patrol Cambodia និងអង្គការសង្គ្រោះសត្វកម្ពុជា ដើម្បីផ្តល់អាហារ និងថ្នាំសង្គ្រោះបន្ទាន់សម្រាប់សត្វឆ្កែដែលបានជួយសង្គ្រោះចំនួន ៦១ក្បាលនោះផងដែរ។
លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍ បានឱ្យដឹងថា ភាគច្រើនសត្វឆ្កែទាំងនោះគឺជាសត្វឆ្កែវ័យតូចៗ ហើយបញ្ចេញនូវសញ្ញានៃការអស់កម្លាំងខ្លាំង និងការខ្វះជាតិទឹក។ បច្ចុប្បន្នអង្គការកំពុងរៀបចំកន្លែងមានសុវត្ថិភាពសម្រាប់ឆ្កែទាំងនោះ និងកំពុងមើលថែរហូតដល់រកបានផ្ទះថ្មីសម្រាប់ពួកវាបាន។ ការស្ទាក់ចាប់លើកដំបូងនេះ នឹងផ្ញើសារទៅកាន់អ្នកជួញដូរនៅទូទាំងប្រទេសកម្ពុជាថា ការជួញដូរសាច់ឆ្កែនាពេលអនាគតនឹងមិនត្រូវបានគេអត់ឱនឱ្យទៀតទេ។
ទោះបីជាខេត្តសៀមរាបដែលជាខេត្តដំបូងគេ ដែលបានហាមឃាត់ការសម្លាប់ និងការជួញដូរសត្វឆ្កែយកសាច់នៅប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២០ ក៏ដោយ តែសម្រាប ់អង្គការ FOUR PAWS នៅតែចាត់ទុកថា វាជាខេត្តមួយដ៏សំខាន់មួយ ក្នុងការធ្វើការជួញដូរសាច់ឆ្កែទ្រង់ទ្រាយធំ ក្នុងការផ្គត់ផ្គង់ និងដឹកទៅកាន់តំបន់ភាគខាងកើត នៃប្រទេសជាពិសេសរាជធានីភ្នំពេញតែម្ដង។
អង្គការ FOUR PAWS សូមអបអរសាទរដល់អាជ្ញាធរខេត្តសៀមរាប ចំពោះសកម្មភាពជួយសង្គ្រោះសត្វឆ្កែ និងបញ្ឈប់ការធ្វើការជួញដូរ ហើយរង់ចាំមើលសកម្មភាព ដែលមានលក្ខណៈច្បាស់លាស់ជាងមុន។ អង្គការ FOUR PAWS បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ដោយការតស៊ូមតិ ដើម្បីហាមឃាត់ការជួញដូរសាច់ឆ្កែ និងហានិភ័យសុខភាពសាធារណៈ ដែលភាគច្រើនដោយសារតែជំងឺឆ្កែឆ្កួត និងការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស។
លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ជាពេទ្យសត្វ និងជាប្រធានយុទ្ធនាការសាធារណៈសត្វដៃគូនៅអាស៊ីអាគ្នេយ៍ នៃអង្គការ FOUR PAWS បាននិយាយថា តាមរយៈការអប់រំ និងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ និងសមាគមទេសចរណ៍ អង្គការមានគោលបំណងដើម្បីជំរុញឲ្យរដ្ឋាភិបាលឱ្យណែនាំ និងអនុវត្តច្បាប់ហាមឃាត់ការជួញដូរ សាច់ឆ្កែ និងឆ្មាដើម្បីការពារទាំងសុខភាពសត្វនិងសុខភាពសាធារណៈ។
បន្ថែមពីលើយុទ្ធនាការប្រឆាំងនឹងការជួញដូរសាច់សត្វឆ្កែ របស់អង្គការសុខុមាលភាពសត្វសកលលោក FOUR PAWS ក៏បានគាំទ្រដល់សហគមន៍មូលដ្ឋាន ជាមួយនឹងកម្មវិធីគ្រប់គ្រងចំនួនសត្វឆ្កែ និងឆ្មាផងដែរ៕