(ភ្នំពេញ)៖ តបតាមសំណើរបស់គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឱ្យរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (ឆ្នាំ២០២១-២០២៤) នាពេលខាងមុខនេះ។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លិខិតអនុញ្ញាតឱ្យ រៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ធ្វើឡើងបន្ទាប់ពីមានចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
តាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី ដែលចុះហត្ថលេខាដោយ លោក កែន សត្ថា បានបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចតទៅ៖
១៖ ឱ្យរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ សុពលភាពឆ្នាំ២០២១-២០២៤ សម្រាប់ក្រុង-ខណ្ឌបេក្ខភាពចំនួន៤១ ដោយប្រើប្រាស់នូវស្តង់ដារទីក្រុងស្អាតថ្មី ស្របតាមបទប្បញ្ញត្តិទូទៅនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (២០២១-២០២៤)
២៖ អនុញ្ញាតឱ្យក្រុមការងារវាយតម្លៃទីក្រុងស្អាតរាជធានី-ខេត្ត ត្រូវដឹកនាំដោយ អភិបាលរាជធានី-ខេត្ត៕