(ពោធិ៍សាត់)៖ ប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវរក្សាទុកឲ្យបានល្អ និងប្រុងប្រយ័ត្នកុំឲ្យបាត់បង់ ព្រោះវាជាមាសប្រាក់ដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងជាសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការផ្ទេរ និងបែងចែកដល់កូនចៅ។ នេះគឺជាការលើកឡើងរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធចំនួន៣ភូមិ គឺភូមិស្យា ភូមិបង្គោល និងភូមិស្ទឹងក្រោម និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ២ភូមិ គឺភូមិទួលគូ និងភូមិគៀន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ចំនួន១៤០២ប័ណ្ណ ស្មើនឹង១៥២១ក្បាលដី ដល់ប្រជាពលរដ្ឋចំនួន៤៦៣គ្រួសារ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបរិវេណវត្តភូមិស្ទឹងភូមិស្ទឹង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលធ្វើឡើងក្រោមវត្តមាន លោក ស សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក ចេង ឡៃ ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ បានថ្លែងថា ខេត្តពោធិ៍សាត់ត្រូវបានជ្រើសរើសជាខេត្តអាទិភាព ក្នុងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ក្នុងចំណោម២៥រាជធានី-ខេត្ត។ ក្រោយពីបានបញ្ចប់បទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលមក មន្ទីរបានបង្កើតក្រុមចុះវាស់វែងចំនួន៣ក្រុម គឺក្រុមទី១ កំពុងអនុវត្តនៅឃុំស្រែស្តុក ក្រុមទី២ នៅឃុំអន្លង់វិល និងក្រុមទី៣ នៅឃុំកោះជុំ ជាឃុំចុងក្រោយរបស់ស្រុកកណ្តៀង រួចបន្តទៅឃុំស្នាមព្រះត្រពាំងជង និងឃុំតាលោ ស្រុកបាកានទៀត។

ជាក់ស្តែងថ្ងៃនេះ គណៈកម្មការរដ្ឋបាលដីធ្លីខេត្ត សម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ២ភូមិ គឺភូមិទួលគូ និងភូមិគៀន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ចំនួន១៤០២ប័ណ្ណ ស្មើនឹង ១៥២១ក្បាលដី ដល់ប្រជាពលរដ្ឋចំនួន៤៦៣គ្រួសារ និងបានបន្តប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ចំនួន ០៣ភូមិទៀត គឺភូមិស្យា ភូមិបង្គោល និង ភូមិស្ទឹងក្រោម។

លោក ម៉ៅ ធនិន បានថ្លែងថា គោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅ ក្នុងស្ថានភាពរៀបរយសមរម្យ និងមានកម្មសិទ្ធិពេញលេញ ក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយសុខដុមរមនា។ លោកបានបញ្ជាក់ថា «ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុត្រូវមានអត្តសញ្ញាណប័ណ្ណគំរូថ្មី សៀវភៅគ្រួសារ អត្រានុកូល ដ្ឋានគ្រប់ៗគ្នា ដូច្នេះត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ក្នុងការផ្តល់សេវាកម្មគ្រប់បែបយ៉ាងជូនពួកគាត់ ពិសេស មន្ត្រីអត្តសញ្ញាណប័ណ្ណ និងបន្តជម្រុញឲ្យពួកគាត់មកធ្វើឲ្យបានគ្រប់ៗគ្នា» ។

លោកថា ផលប្រយោជន៍ជាច្រើន ដែលប្រជាជនកំពុងទទួលបានទាំងប្រយោល និងផ្ទាល់ពីការ អភិវឌ្ឍន៍លើគ្រប់វិស័យ ពោលគឺមានស្ថេរភាពនយោបាយ ដែលជាគន្លឹះនាំមកនូវសេដ្ឋកិច្ចគ្រួសារ ក៏ដូចសង្គមជាតិ បានល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ីមិនមានការភ័យខ្លាច។ កត្តាដែលសំខាន់ជាងនេះទៅទៀតនោះ គប្បីប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច និង ចេះរួមរស់នៅជាមួយគ្នាទើបល្អប្រសើរ។ លោក ស សុវណ្ណ ក៏បានជម្រាបជូនអំពីផលប្រយោជន៍ពាក់ព័ន្ធទៅនឹងវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុទាំង២ភូមិ នៃឃុំកោះជុំនេះផងដែរ និងទទូចឲ្យប្រជាពលរដ្ឋ ត្រូវថែរក្សាឲ្យបានល្អ៕