(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា (CLUF) បានដឹកនាំក្រុមការងារចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំ និងចែកម៉ាសជូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ស៉ីដាប់បែលយូខេអេជ ហ្គាមេន (ខេមបូឌា) លីមីធីត មានទីតាំងស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
លោកស្រី FENG JIANXUE នាយិកាក្រុមហ៊ុន បានឲ្យដឹងថា រោងចក្រខាងលើ បច្ចុប្បន្នមានកម្មករជាង៨០០នាក់ និងបានដំណើរការសង្វាក់ផលិតកម្មធម្មតា ទោះបីមានផលប៉ះពាល់ខ្លះ ដោយសារបញ្ហាវិបត្តិទីផ្សានាំចេញក៏ដោយ។ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សោម អូន និងក្រុមការងារ ដែលបានចុះផ្សព្វផ្សាយអប់រំអំពីជំងឺកូវីដ-១៩ និងចែកម៉ាសដល់កម្មករ កម្មការិនី បម្រើការងារក្នុងរោងចក្ររបស់លោកស្រី។
នៅក្នុងពិធីសំណេះសំណាលជាមួយសហជីព តំណាងកម្មករ ប្រធានក្រុម និងប្រធានផ្នែក លោក សោម អូន បានថ្លែងថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅក្នុងពិភពលោកមានអ្នកកើតជំងឺកូវីដ១៩ ចំនួន១១៣,៩៨៧,៧៦១នាក់ ស្លាប់ចំនួន២,៥២៩,៣៩៣នាក់ និងព្យាបាលជាសះស្បើយចំនួន៨៩,៥៤២,២០១នាក់។ ដោយឡែកនៅកម្ពុជា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កំពុងតែរាលដាលធ្ងន់ធ្ងរ ដែលតម្រូវឲ្យកម្មករនិយោជិត និងថៅកែរោងចក្រ ក៏ដូចប្រជាពលរដ្ឋទូទៅ ចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភបាល «៣ការពារ និង៣កុំ»។
លោកបានបន្តថា វិធានការ៣ការពារ រួមមាន៖ ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឲ្យបានគ្រប់គ្នា។ ៣កុំ រួមមាន៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ។
លោក សោម អូន បានបន្ថែមថា ស្ថិតនៅក្នុងសហភាពការណ៍ដ៏លំបាកនេះ យើងត្រូវរួមសាមគ្គីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមដោះស្រាយបញ្ហា ទប់ស្កាត់ការរាលដាលជំងឺកូវីដនេះ ដោយគោរព និងអនុវត្តតាមវិធានរបស់រាជរដ្ឋាភិបាល។
លោក សោម អូន បានអំពាវនាវដល់សហជីព កម្មករ និងថៅកែរោងចក្របន្តចូលរួមពង្រឹងការ អនុវត្តបន្ថែមទៀត នូវវិធានការណ៍របស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីចៀសវាងការចម្លងជំងឺដ៏សាហាវនេះ ចូលទៅក្នុងសហគមន៍កម្មករ ដែលជាក្តីរបារម្មរណ៍អំពីផលប៉ះពាល់ ដល់ការសង្វាក់ផលិតកម្ម និងប្រាក់ចំណូលរបស់កម្មករ។
សូមបញ្ជាក់ថា បន្ទាប់សំណេះសំណាលចប់ក្រុមការងារ ក៏បានអញ្ជើញសួរសុខទុក្ខកម្មករនិយោជិតនៅតាមសង្វាក់ផលិតកម្ម និងបានចែកម៉ាស់ជូនដល់ពួកគាត់គ្រប់ៗផងដែរ៕