(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយចំនួន ១.១៣២ លានយ៉េន (ប្រហែល ១០,៨ លានដុល្លារអាមេរិក) ដល់ប្រទេសកម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នឹងធ្វើឡើង នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ ដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
«ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
បើតាមក្រសួងការបរទេស, ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមទប់ស្កាត់ «ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍» ឬហៅថាព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ភាគីទាំងពីរ នឹងធ្វើការចុះហត្ថលេខាលើលិខិតប្ដូរសារនេះ នៅទីកន្លែងរៀងៗខ្លួន៕