(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៣ គម្រោងបង្កើតរោងចក្រផលិតសំបកកង់ឡាន, រោងចក្រផលិតផ្ទាំងកញ្ចក់សូឡា និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ទុនវិនិយោគសរុបជិត២៧លានដុល្លារ។

គម្រោងទាំង៣នោះរួមមាន៖

១៖ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត របស់ក្រុមហ៊ុន «CART TIRE CO., LTD» ត្រូវបានគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

២៖ គម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា របស់ក្រុមហ៊ុន GLAMOR GLASS CO., LTD គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង, មានទុនវិនិយោគប្រមាណ ៧.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង។

៣៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង៕