(ភ្នំពេញ)៖ លោក នង សាកល ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងហ្សាកាតា បានប្រតិកម្មទៅនឹងការលើកឡើងរបស់ លោកស្រី នីណា ហាជីហ្គៀន (Nina Hachigian) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ សហគមន៍អាស៊ាន ដែលបាននិយាយពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងសន្និសីទជាមួយអ្នកយកព័ត៌មាន នាទីក្រុងហ្សាកាតា។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកស្រី នីណា ហាជីហ្គៀន អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបាន នង សាកល ឆ្លើយតបដោយលិខិតចំនួន៣ចំណុច នៅថ្ងៃនេះថា៖
ទី១៖ វាជាការពិតដែលប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានលើកឡើងជាទូទៅពីបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដោយមិនលើកចំពីប្រទេសណាមួយឡើយ។
ទី២៖ ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំសហគមន៍អាស៊ាន តួនាទីសំខាន់បំផុតរបស់លោកស្រី គឺគ្រាន់តែផ្តោតលើការតាមដាន និងការលើកំពស់ភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយរបៀបមិនសមរម្យនោះឡើយ។
ទី៣៖ ច្បាប់របស់កម្ពុជា ពុំមានបំណងរឹតបន្តឹងសេរីភាពរបស់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលទេ ប៉ុន្តែធានាឲ្យមានការសម្របសម្រួលបានល្អជាងមុន នៃកិច្ចប្រតិបត្តិការក្នុងក្របខ័ណ្ឌច្បាប់មួយ។
ការប្រតិកម្មឆ្លើយតបពីសំណាក់ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងហ្សាកាតា ខាងលើនេះ, បន្ទាប់ពីលោកស្រី នីណា ហាជីហ្គៀន បានថ្លែងយ៉ាងដូច្នេះ ថា «ខ្ញុំអាចប្រាប់លោកបានថា នៅគ្រប់ឱកាសទាំងអស់ក្នុងជំនួបកំពូល លោកប្រធានាធិបតីបានលើកឡើងនូវសារៈសំខាន់នៃសិទ្ធិមនុស្សនិងនីតិរដ្ឋ ហើយអាទិភាពសំខាន់របស់យើង គឺចង់មើលឃើញប្រទេសកម្ពុជា អភិវឌ្ឍទៅជាលទ្ធិប្រជាធិបតេយ្យរឹងមាំ ដែលគោរពសិទ្ធិមនុស្ស និងគាំទ្រសង្គមស៊ីវិលចម្រើនលូតលាស់» នេះបើយោងតាមកាសែតខេមបូឌាដេលី ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦៕
ខាងក្រោមនេះជាលិខិតរបស់ ឯកអគ្គរដ្ឋទូត លោកស្រី ហាជីហ្គៀន ដែលទទួលបានពីក្រសួងការបរទេសកម្ពុជា៖