(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានទទួលម៉ាស់ ចំនួន៨,០០០ម៉ាស់ពីសប្បុរសជន ដើម្បីចែកជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល។
សប្បុរសជនដែលយកម៉ាស់ប្រគល់ជូនមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង គឺលោក សុខ ងី ម៉ាស់ចំនួន៤,០០០ម៉ាស់ និងលោក ឈុន រដ្ឋា ម៉ាស់ចំនួន៤,០០០ម៉ាស់ ដែលពួកគាត់គឺជាអាជីវកររស់នៅខេត្តស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សុខ ងី និងលោក ឈុន រដ្ឋា ដែលបានចូលរួមចំណែកក្នុងការផ្ដល់ម៉ាស់ជូនកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចូលរួមការពារ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល លើការងារទប់ស្កាត់ និងការពារជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អះអាងថា នឹងយកម៉ាស់ទាំងអស់នេះ ប្រគល់បន្ដដល់មន្ដ្រីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដូចអ្វីដែលជាបំណងរបស់សប្បុរសជនដែលបានប្រគល់ជូននេះផងដែរ។ បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បច្ចុប្បន្នមន្ដ្រីអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ក្នុងនោះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រកឃើញមានអ្នកឆ្លងរហូតដល់ ២៣៤នាក់៕