(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុបជាង៦០០នាក់ នៅតាមគោលដៅជាង៧០កន្លែង ដើម្បីពង្រឹងការងារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅទីតាំងធ្វើចត្តាឡីស័ក និងទីតាំងដែលត្រូវបិទបណ្តោះអាសន្នជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ការប្រកាសបញ្ចេញកម្លាំងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីផ្សព្វផ្សាយផែនការបន្ថែមកម្លាំង ទៅការពារគោលដៅធ្វើចត្តាឡីស័កជូន ស្នងការរង និងអធិការនគរបាលខណ្ឌទាំង១៤ ដើម្បីដឹកនាំកម្លាំងចុះអនុវត្តឱ្យមានប្រសិទ្ធភាព។
ការដាក់បន្ថែមកម្លាំងនេះ បានអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក ស ថេត បានដាក់ផែនការ និង បទបញ្ជាទៅស្នងការរង និងអធិការទាំង១៤ខណ្ឌ ត្រូវដឹកនាំកម្លាំងការពារទីតាំធ្វើចត្តាឡីស័កទាំង៧៥កន្លែង ចុះអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមិនត្រូវធ្វេសប្រហែសនោះឡើយ។ក្នុងករណីនៅពេលបំពេញភារកិច្ចកម្លាំងការពារធ្វេសប្រហែសបង្កឱ្យបុគ្គលធ្វើចត្តាឡីស័ករត់គេចមិនបានទប់ស្កាត់ទាន់ពេលវេលាត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើនិងចំពោះមុខច្បាប់។
លោកឧត្តមសេនីយ៍ ក៏បានណែនាំដល់កម្លាំងការពារទីតាំងធ្វើចត្តាឡីស័កទាំងអស់ក្នុងករណីដែលមានជនបរទេសមិនស្តាប់ រឺរឹងទទឹងមិនអនុវត្តតាមអាជ្ញាធរដែនដី និងគ្រូពេទ្យ ត្រូវចូលវាយខ្នោះហើយសុំគោលការថ្នាក់លើបញ្ជូនទៅអគ្គនាកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំឯកសារបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ជុំវិញបញ្ហាបុគ្គលមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល នៃការទប់ស្កាត់កុំឱ្យរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានផ្តល់ភ្លើងខៀវលើការអនុវត្តច្បាប់ចំពោះបុគ្គលណា ដែលមិនអនុវត្តតាមវិធានរបស់សុខាភិ បាលកម្ពុជា។ ការផ្តល់ភ្លើងខៀវលើការអនុវត្តច្បាប់នេះ បានធ្វើឡើងក្រោយសំណើសុំគោលការណ៍អនុវត្តច្បាប់ ចំពោះបុគ្គលមិនអនុវត្តការធ្វើចត្តាឡីស័ក, បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់កិច្ច សម្ភាសន៍ និងទីតាំងដែលមិនសហការផ្តល់ព័ត៌មានស្រាវជ្រាវនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែម លើអនុក្រិត្យលេខ២៧ អនក្រ. បក។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងសហគមន៍ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យអនុវត្តនូវវិធាន ការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការ។ វិធានការដែលរាជរដ្ឋាភិបាលបានយល់ព្រមលើចំណាត់ការបុគ្គលដែលមិនអនុវត្តតាមវិធានសុខាភិបាលរួមមាន៖ ទី១៖ ចំពោះជនបរទេស ត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។ ទី២៖ ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងទី៣៖ ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំងនោះចោល៕