(ភ្នំពេញ)៖ ទោះបីជាប់ដៃក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តគម្រោងអភិវឌ្ឍន៍នានាជារឿយៗ ជាក់ស្ដែងគម្រោងជួសជុលមហាវិថីព្រះនរោត្ដមចាប់ពីរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យ បានឈានដល់ការអ៊ុតកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រហើយ ក្រោយពីបានជួសជុលសម្បុកមាន់ និងធ្វើគ្រឹះរួចរាល់ ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានសោភ័ណភាព និងងាយស្រួលឲ្យប្រជាពលរដ្ឋបានធ្វើដំណើរ។
ដើម្បីជំរុញឱ្យការស្ថាបនាការជួសជុល និងអ៊ុតកៅស៊ូ AC នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដមនេះឱ្យទទួលបានជោគជ័យ និងស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដ្ឋាននេះ និងបានជំរុញឲ្យក្រុមការងារអនុវត្តការងារឲ្យស្របតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យមហាវិធីនេះប្រើប្រាស់បានយូរអង្វែង។
លោក សុខ ពេញវុធ បានលើកឡើងថា ក្រោមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញបានចុះតាមដានពិនិត្យមើលការដ្ឋានជួសជុលផ្លូវនៅក្នុងមូលដ្ឋានខណ្ឌដូនពេញជាប្រចាំ ដើម្បីធ្វើឲ្យគម្រោងនៃការជួសជុលកំណាត់ផ្លូវនានាអនុវត្តការងារត្រូវតាមលក្ខណៈបច្ចេកទេស អាចប្រើប្រាស់បានយូរអង្វែង។
លោក សុខ ពេញ វុធ បានបញ្ជាក់ទៀតថា បើទោះបីស្ថិតក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងនៅតែធ្វើការអភិវឌ្ឍ ដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកអភិបាលខណ្ឌដូនពេញក៏បានធ្វើការណែនាំប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនខណ្ឌដូនពេញ ឲ្យតាមដានចុះពិនិត្យជាប្រចាំចំពោះការដ្ឋាននានា ដែលបាននិងកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយចំពោះការងារដែលត្រូវចូលរួម គឺត្រូវធ្វើរឺហ្គែលូ និងអណ្តូងលូឡើងវិញបើពិនិត្យឃើញថាមានការខូចខាតនោះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កំណត់មហាវិថីព្រះនរោត្ដម ចាប់ពីរង្វង់មូលរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យ បានធ្វើការជួសជុលសម្បុកមាន់ធ្វើគ្រឹះតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២១ និងបានបញ្ចប់ការជួសជុលគ្រឹះកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយក្រុមការងារបានចាប់ផ្ដើមធ្វើការអ៊ុតកៅស៊ូ AC កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ គ្រោងនឹងបញ្ចប់នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។ គម្រោងនេះត្រូវអ៊ុតកៅស៊ូតាមបណ្ដោយផ្លូវព្រះនរោត្ដម ចាប់ពីរង្វង់មូលវត្តភ្នំដល់មានឯករាជ្យ មានប្រវែង ២,១៥០ ម៉ែត្រ ទទឹង ១៦ ម៉ែត្រ ដោយអ៊ុតកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ។
មន្ត្រីដដែលក៏បានបញ្ជាក់ដែរថា នៅក្នុងខណ្ឌដូនពេញ គម្រោងជួសជុលផ្លូវដែលខូចខាតដោយទឹកភ្លៀងកន្លងមកនេះមានចំនួន ១៦ ខ្សែ ប៉ុន្តែមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារួចរាល់ចំនួន ១០ ខ្សែហើយ ហើយកំណាត់មហាវិថីព្រះនរោត្តមនេះ គឺជាកំណត់ផ្លូវទី១១ របស់គម្រោងរដ្ឋបាលរាជធានីភ្នំពេញ៕