(ភ្នំពេញ)៖ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីបណ្តូលចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តទទួលបានវិញ្ញាបនបត្រមាសថ្មីមួយទៀត ពីកម្មវិធីប្រឡងគណិតវិទ្យាលលំដាប់ពិភពលោក ដែលមានឈ្មោះថា «Mathletics»។
វិញ្ញាបនបត្រមាសនេះ ត្រូវបានកម្មវិធី «Mathletics» ប្រគល់ជូនកុមារី ហ៊ុន ពេជ្រមុន្នីលីណា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ជាមួយពិន្ទុ ២០,៥៤០។
នេះមិនមែនជាវិញ្ញាបត្រមាសថ្មី ដែលកុមារី ហ៊ុន ពេជ្រមុន្នីលីណា ទទួលបាននោះឡើយ។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា កូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានឈ្នះវិញ្ញាបនបត្រមាស ថ្នាក់ពិភពលោកនេះជាច្រើនលើកមកហើយ។
ការឈ្នះវិញ្ញាបនបត្រមាសថ្នាក់ពិភពលោកនេះ ដោយសារភាពឆ្លាតវៃរបស់ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលតែងតែដណ្តើមតំណែងកំពូលតារាង កម្មវិធីប្រកួតគណិតវិទ្យា «Mathletics» ទូទាំងពិភពលោក។
សូមជម្រាបថា «Mathletics» គឺជាគេហទំព័រអប់រំ តាមអ៊ីនធឺណិតមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ នៅប្រទេសអូស្ត្រាលី។ ជាបន្តបន្ទាប់កម្មវិធីនេះ ត្រូវបានពង្រីកផ្សព្វផ្សាយទូទាំងពិភពលោក។ «Mathletics» ទាក់ទាញអ្នកចូលរួមបានរាប់លាននាក់ នៅទូទាំងពិភពលោក។
កម្មវិធីនេះប្រឡងធ្វើរៀងរាល់ថ្ងៃ អ្នកប្រឡងបានពិន្ទុលើសពី ១,០០០ នឹងបានទទួលវិញ្ញាបនបត្រសំរឹទ្ធ (Bronze certificate) មួយ។ អ្នកទទួលបានវិញ្ញាបនបត្រសំរឹទ្ធ៥ នឹងទទួលបានវិញ្ញាបនបត្រប្រាក់ (Silver certificate) មួយ ហើយអ្នកទទួលបានវិញ្ញាបនបត្រប្រាក់៤ និងទទួលបានវិញ្ញាបនបត្រមាស (Gold certificate) មួយ។ វិញ្ញាបនបត្រទាំងនេះ គឺជាវិញ្ញាបនបត្រថ្នាក់ពិភពលោក។
រហូតដល់ពេលនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ទទួលបានវិញ្ញាបនបត្រមាសនេះជាច្រើនលើកមកហើយ។
ការដណ្តើមបានវិញ្ញាបនបត្រមាសពីកម្មវិធីប្រកួតប្រជែងគណិតវិទ្យារបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាមោទនភាពមួយរបស់កម្ពុជា ហើយក៏បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ បានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ។
តាមរយៈសមត្ថភាពលិចធ្លោលើការប្រកួតប្រជែងគណិតវិទ្យានេះ បានបង្ហាញពីសមត្ថភាពរបស់កូនខ្មែរ។ បើទោះបីប្រទេសនេះ ធ្លាប់ជាប្រទេសរស់នៅក្រោមអាណានិគម ជាប្រទេសធ្លាប់យាយីដោយភ្លើងសង្គ្រាម តែបច្ចុប្បន្នប្រជាជាតិកម្ពុជាក្រោមម្លប់សន្តិភាព កំពុងមានឱកាសទទួលបានចំណេះដឹង និងប្រកួតប្រជែងសមត្ថភាពជាមួយមនុស្សជាតិនៅលើពិភពលោក ហើយក៏អាចដណ្តើមបានចំណាត់ថ្នាក់ល្អខ្ពស់លើសគេផងដែរ៕