(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សេចក្ដីសម្រេចរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបង្ហាញថា អនុគណៈកម្មការនេះមាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ជាប្រធាន អមដោយអនុប្រធានអចិន្ដ្រៃយ៍ម្នាក់, អនុប្រធាន៤នាក់ និងសមាជិក៨នាក់។

អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ច ក្នុងការគ្រប់គ្រងគោលដៅ និងតំបន់ចត្តាឡីស័ក ដូចខាងក្រោម៖

* ដឹកនាំ និងសម្របសម្រួលការងារគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់

* ត្រួតពិនិត្យ វាយតម្លៃ និងលើកយោបល់អំពីការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់

* សហការជាមួយស្ថាប័នពាក់ព័ន្ធ កសាងផែនការហ្វឹកហ្វឺន និងបំពាក់ដល់កងកម្លាំង និងមន្ដ្រីសុខាភិបាល ដែលទទួលបន្ទុកការងារគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់

* កសាងបទដ្ឋានប្រតិបត្តិការ (SOP) ក្នុងការគ្រប់គ្រងការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីស្នើសុំការសម្រេចពីប្រធានគណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩

* ផ្សព្វផ្សាយ ដាក់ឲ្យអនុវត្ត និងតាមដានការអនុវត្តបទដ្ឋានប្រតិបត្តិការ (SOP)

* កសាងផែនការត្រៀមបម្រុងកម្លាំងអន្ដរាគមន៍ មន្ដ្រីសុខាភិបាល សម្ភារ និងមធ្យោបាយ ដើម្បីធានាដល់ការងារគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់

* ក្នុងករណីមានតម្រូវការចាំបាច់ ចាត់តាំងប្រើប្រាស់ និងគ្រប់គ្រងកម្លាំងអន្ដរាគមន៍នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដែលបានកំណត់

* សហការជាមួយអាជ្ញាធមូលដ្ឋាន ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ច

* គ្រប់គ្រងទិន្នន័យអ្នកធ្វើចត្តាឡីស័កនៅតាមគោលដៅ និងតំបន់ចត្តាឡីស័កស្ថិតក្នុងការគ្រប់គ្រង

* កសាងផែនការធានា ផ្គត់ផ្គង់ដល់ដំណើរការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់

* បូកសរុបរបាយការណ៍ប្រចាំថ្ងៃ ស្ដីពីលទ្ធផល និងសកម្មភាពការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កក្នុងអំឡុងពេលប្រតិបត្តិការ

* បំពេញភារកិច្ចផ្សេងៗ តាមការប្រគល់ជូនពីប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖