(ព្រៃវែង)៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែង ចាប់ខ្លួនតាចាស់ម្នាក់វ័យ៧៦ឆ្នាំ ដែលបានចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំ សម្រេច២លើក បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីម្តាយបង្កើតជនរងគ្រោះ ប្តឹងឈ្មោះ រ័ត្ន យ៉ាន់ ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា ថាបានចាប់រំលោភសេពសន្ថវៈ លើកូនស្រីខ្លួនអាយុ១០ឆ្នាំ។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្ត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់ត្របែក ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ចុះឃាត់ខ្លួនជនសង្ស័យនៅភូមិរការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តចាប់រំលោភសេពសន្ថវៈទៅលើក្មេងនោះប្រាកដមែន ដោយបានសម្រេច២ដង។ ក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕