(ព្រះសីហនុ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន បានអញ្ជើញប្រកាសមុខតំណែងថ្មីមន្ត្រីរាជការសាលាខេត្តព្រះសីហនុ។
លោក គួច ចំរើន បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត បានពិនិត្យ និងសម្រេចធ្វើការផ្លាស់ប្តូរភារកិច្ច ប្រកាសមុខតំណែងដោយផ្អែកលើលក្ខណៈសម្បត្តិ និងតម្រូវការចាំបាច់ក្នុងការបំពេញការងារ របស់មន្ត្រីរាជការសាលាខេត្តព្រះសីហនុ។
លោក គួច ចំរើន បានរំលឹកណែនាំមន្ត្រីឲ្យមានសាមគ្គីភាព សហការគ្នាធ្វើការងារ តាមតួនាទីភារកិច្ច ប្រកបដោយឆន្ទ: មនសិការនិងការទទួលខុសត្រូវនិងយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនពលរដ្ឋអោយបានលឿន មានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។
សូមបញ្ជាក់ថា មន្រ្តីរាជការដែលទទួលបានការតែងតាំងរួមមាន៖
*ទី១៖ លោក ឌឹម វី នាយកទីចាត់ការរដ្ឋបាល ត្រូវផ្ទេរឱ្យទទួលមុខតំណែងជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ
*ទី២៖ លោក ជា បាឈុន ជាប្រធានអង្គភាពច្រកចេញចូលតែមួយ ត្រូវបានផ្ទេរភារកិច្ចទៅជានាយកទីចាត់ការរដ្ឋបាលសាលាខេត្តព្រះសីហនុ
*ទី៣៖ លោកស្រី ម៉ាក សំណាង នាយិការងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ផ្ទេរឱ្យទទួលមុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានក្រើនរំលឹកផងដែរ ដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ បម្រើសេវាធារណៈជូនពលរដ្ឋ ឲ្យល្អប្រសើរ មានតម្លាភាព គុណភាព រហ័ស ធ្វើយ៉ាងឲ្យប្រជាជនមានជំនឿទុកចិត្ត។
ក្រៅពីនេះ លោកក៏បានជំរុញឲ្យខិតខំសម្របសម្រួលដោះស្រាយបញ្ហានៅក្រៅប្រពន្ធ័តុលាការឲ្យអស់ពីលទ្ធភាពជូនប្រជាជននៅតាមមូលដ្ឋាន។ បន្តអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព អោយបានល្អ ក្តាប់ ឬគ្រប់គ្រងសាធារណៈមតិឲ្យបានច្បស់លាស់ ត្រូវទទួលយក កង្វល់ តម្រូវការ សំណូមពរ និងដោះស្រាយឲ្យបានទាន់ពេលវេលាជូនពលរដ្ឋ ក្នុងដែនគ្រប់គ្រងរបស់ខ្លួនប្រកបដោយការទទួលខុសត្រួវខ្ពស់៕