(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅការិយាល័យ របស់ CPN+ ក្នុងរាជធានីភ្នំពេញ «បណ្តាញអ្នករស់នៅ ជាមួយមេរោគអេដស៍» នៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា CPN+ បានរៀបចំសម្ពោធសៀវភៅ មានចំណងជើងថា «ជាង20ឆ្នាំរស់នៅជាមួយមេរោគអេដស៍» ដែលជាសៀវភៅថ្មីមួយ នៃរឿងរ៉ាវជីវិតអ្នករស់នៅជាមួយមេរោគអេដស៍ ទាំងប្រាំបួននាក់ ក្នុងប្រទេសកម្ពុជា ជាងពីរទសវត្សរ៍មកហើយ ។
«ជាង20ឆ្នាំរស់នៅ ជាមួយមេរោគអេដស៍»គឺជាសៀវភៅតែមួយគត់ និងមានលក្ខណៈបំផុសគំនិត ដែលនិពន្ធដោយអ្នករស់នៅ ជាមួយមេរោគអេដស៍ជាច្រើនឆ្នាំមកហើយ នៅក្នុងប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ល្អៗ ក្នុងជីវិតនិងភាពជោគជ័យ របស់ពួកគេ។ មេរោគអេដស៍បានផ្លាស់ប្តូរជីវិតរបស់ពួកគេ ជាមួយនឹងការប្រកួតប្រជែង ដែលគ្មានការរំពឹងទុកជាមុន, សេចក្តីកង្វល់, ការបាត់បង់ និងស្លាកស្នាមអាស្រូវ ប៉ុន្តែវាក៏បង្កឲ្យមានក្តីសង្ឃឹមថ្មី, ភាពអត់ធ្មត់, សាមគ្គីភាព, ជំនឿចិត្តលើខ្លួនឯង, សេចក្តីថ្លៃថ្នូរ និងការប្តេជ្ញាចិត្ត ដើម្បីយកឈ្នះលើបញ្ហាសុខភាពនិងការមាក់ងាយជាច្រើន និងប្រែក្លាយវាទៅជាការរស់ដោយភាពវិជ្ជមាន ជាមួយនឹងឱកាសថ្មី។ វាគឺជាការចងក្រង នៃកសិណសាក្សីដ៏អស្ចារ្យ នៃមនុស្សមួយចំនួន ដែលរស់នៅជាមួយមេរោគអេដស៍(PLHIV) និងអនុភាពប្រាជ្ញា របស់ពួកគេក្នុងឆាកជីវិត និងដំណើររបស់ខ្លួន ដែលប្រឈមនឹងការប្រកួតប្រជែងប៉ុន្តែពោរពេញដោយភាព ក្លាហាន និងការទទួលបានសេវាសុខភាព និងសេវាកម្មផ្សេងៗទៀត និងពីរបៀប ដែលការរើសអើង និងការឆ្លងមេរោគដែល គំរាមកំហែងជីវិត បានប្រែក្លាយទៅជាមោទនភាព និងជាជំងឺរ៉ាំរ៉ៃដែលអាចគ្រប់គ្រងបាន។
អ្នកចូលរួម បានចែករំលែកបទពិសោធន៍ជីវិតពិតរបស់ពួកគេ ដោយប្រាប់ពីរបៀបដែលពួកគេនិងក្រុមគ្រួសាររបស់ពួកគេ បានប្រឈមមុខនិងការដោះស្រាយភាពមាក់ងាយ និងភាពរើសអើង, ដោយបន្តយកការផ្តល់សេវា និងបន្តការថែទាំខ្លួនឯង ដើម្បីលើកកម្ពស់គុណភាពនៃជីវិតរបស់ពួកគេនៅក្នុងសហគមន៍ និងសុខុមាលភាពផ្លូវភេទ ខណៈពេលដែលពួកគេរស់នៅ ជាមួយមេរោគអេដស៍។
សៀវភៅនេះ មានរួមបញ្ចូលរឿង អ្នកផ្ទុកមេរោគអេដស៍ ដែលកំពុងបានព្យាបាលប្រឆាំង នឹងមេរោគអេដស៍ (ART) អស់រយៈពេល ប្រហែលជាង ១៥ ឆ្នាំ ដោយអនុញ្ញាតឲ្យពួកគេមានអាយុវែង មានសុខភាពល្អ និងជីវិតដ៏មានន័យសម្រាប់ពួកគេ និងក្រុមគ្រួសារ របស់ពួកគេ ប្រសិនបើពួកគេលេបឱសថ ជាទៀងទាត់ជាមួយ អាហារូបត្ថម្ភល្អ និងរបៀបរស់នៅ ដែលមានសុខភាពល្អ។ សៀវភៅនេះ បង្ហាញពីភាពរើសអើង និងការមាក់ងាយ ដែលបង្កឲ្យមានគ្រោះថ្នាក់ និងការលើកស្ទួយភាព មិនអត់ឱនចំពោះអ្នក ប្រព្រឹត្តរើសអើង អាចផ្លាស់ប្តូរជីវិត និងជាកត្តាចាំបាច់សម្រាប់ទាំងអស់គ្នា។ សៀវភៅនេះ បង្ហាញពីអំណាចនៃសិទិ្ធទទួលបាន ព័ត៌មាន និងសារសំខាន់នៃការគាំទ្រ មិត្តជួយមិត្ត ក្នុងចំណោមសហគមន៍ របស់ប្រជាពលរដ្ឋរស់នៅ ជាមួយមេរោគអេដស៍ និងរងផលប៉ះពាល់ ដោយមេរោគអេដស៍ និងការចូលរួមដ៏មានន័យ ក្នុងការបង្ការមេរោគអេដស៍, ការថែរទាំ, ព្យាបាល និងការគាំទ្រ ក៏ដូចជាឱកាសក្នុងបង្កើតសេដ្ឋកិច្ចគ្រួសារ និងការមានការងារធ្វើ ដើម្បីលើកស្ទួយស្ថានភាព សេដ្ឋកិច្ចរបស់ខ្លួន។ ដូចជាប្រជាពលរដ្ឋកម្ពុជា ផ្សេងទៀតដែរ អ្នករស់នៅជាមួយមេរោគអេដស៍ មានក្តីសង្ឃឹមធំធេង និងប្រកបដោយសក្តានុពល ដែលថាពួកគេគួរតែមានឱកាស ស្មើគ្នានៅគ្រប់ស្ថានភាព ទាំងអស់។
មេរោគអេដស៍ ត្រូវបានគេរាយការណ៍ ជាលើកដំបូងនៅឆ្នាំ១៩៨១ និងនៅតែជាមេរោគបង្កការ ព្រួយបារម្ភដដែលនិងនៅតែជា ការព្រួយបារម្ភ នៃសុខភាពសាធារណៈ នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ប្រមាណជា ៧៣,០០០ នាក់ (ប្រាំពីរម៉ឺនបីពាន់) កំពុងរស់នៅជាមួយមេរោគអេដស៍ និងការគ្របដណ្តប់ ទៅដោយការព្យាបាលដោយឱសថប្រឆាំងនឹង មេរោគអេសដ៍ (ART) សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ ទាំងអស់ចំនួន ៧៣ ភាគរយ នៅចុងឆ្នាំ២០១៥។ រឿងរ៉ាវទាំងនោះ បានបង្ហាញពីឥរិយាបទមួយចំនួន ដែលដាក់ប្រជាពលរដ្ឋ ស្ថិតក្នុងហានិភ័យ ប៉ុន្តែអាចបង្ការបានដោយព័ត៌មានត្រឹមត្រូវ និងការបង្ការត្រឹមត្រូវ និងបង្ហាញពីរបៀប នៃការព្យាបាលជាមួយឱសថ ប្រឆាំងមេរោគអេដស៍ មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយ ផលប៉ះពាល់នៃមេរោគអេដស៍ មកលើសុខភាពរបស់ អ្នកផ្ទុកមេរោគអេដស៍។លើសពីការរក្សា អ្នករស់នៅជាមួយមេរោគអេដស៍ ឲ្យមានសុខភាពល្អ និងមានផលិតភាព, ការព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រសិនបើលេបតាម ពេលវេលាកំណត់វាមាន ប្រយោជន៍ ការការពារ ដូចជាការកាត់បន្ថយ ការចម្លងមេរោគអេដស៍ជាដើម។ ដូច្នេះ វាគឺជាការវិនិយោគល្អសម្រាប់ហេតុផល ជាច្រើន និងបន្តពង្រឹង ការរួមចំណែកសំខាន់មួយ របស់អ្នករស់នៅជាមួយមេរោគអេដស៍ ក្នុងការឆ្លើយតបមេរោគអេដស៍ ថ្នាក់ជាតិ។ មិនមានការព្យាបាលជាសះស្បើយ ពីមេរោគអេដស៍/ជំងឺអេដស៍នោះទេ ប៉ុន្តែការព្យាបាលអាចមានប្រសិទ្ធិភាព គឺត្រូវតែលេបឱសថ ជាប្រចាំថ្ងៃ និងអស់មួយជីវិត។ ការបន្តព្យាបាលជាមួយឱសថប្រឆាំងមេរោគអេដស៍ នៅតែជាអាទិភាពសំខាន់សម្រាប់សុខភាព របស់អ្នករស់នៅជាមួយមេរោគអេដស៍ និងអង្គការ CPN+ មានតួនាទីសំខាន់ ក្នុងការតាមអ្នករស់នៅជាមួយមេរោគអេដស៍ នៅទូទាំងប្រទេសកម្ពុជា តាមរយៈមិត្តជួយមិត្ត ដើម្បីចុះឈ្មោះ និងរក្សាពួកគេឲ្យបន្តការព្យាបាល រួមទាំងការថែរក្សានិងការគាំទ្រ សម្រាប់ការរស់នៅជាមួយមេរោគអេដស៍។ តាមការឆ្លើយតបមេរោគអេដស៍ ថ្នាក់ជាតិដែលកំពុងប្រឈមនឹងបញ្ហាថ្មី រួមទាំងការ ធ្លាក់ចុះក្នុងការផ្តល់មូលនិធិពីខាងក្រៅ បណ្តាញមិត្តអប់រំមិត្តក្នុងសហគមន៍ ដ៏ធំទូលាយនេះ មានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវតែ ទទួលបានការគាំទ្រ ឲ្យបន្តការងាររបស់ខ្លួន។
លោក ស៊ន សុធារឹទ្ធ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការ CPN + មានប្រសាសន៍ថា «ការគ្រប់គ្រងការឆ្លើយតបមេរោគអេដស៍ តម្រូវហួសពីការផ្តល់ឱសថ។ ការបោះពុម្ពនេះ មានគោលបំណង ដើម្បីចែករំលែករឿងរ៉ាវរបស់យើង និងប្រាប់សាធារណជនទូទៅ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ អំពីតម្លៃនៃការគាំទ្ររបស់គេ ដល់មនុស្សដែលកំពុងរស់នៅ ជាមួយសហគមន៍ផ្ទុក មេរោគអេដស៍ និងរបៀបដែលវាបានផ្លាស់ប្តូរជីវិត។ លើសពីនេះទៀត យើងចង់ឲ្យអ្នកបង្កើត គោលនយោបាយនៅគ្រប់កម្រិត សូមគិតលើសពីការគាំទ្រ នៃការព្យាបាលប្រឆាំង នឹងមេរោគអេដស៍ និងការព្យាបាលជំងឺឱកាសនិយម ហើយរុករកនូវរបៀបដែល ប្រជាពលរដ្ឋ រស់នៅជាមួយមេរោគអេដស៍ អាចចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ បន្ថែមទៀតក្នុងនយោបាយ សង្គម, សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា និងជួយដោះស្រាយបញ្ហាសុខភាពផ្សេងទៀត ដោយប្រើបទពិសោធន៍គាំទ្រ សហគមន៍របស់ខ្លួន ជាមួយអ្នករស់នៅជាមួយ មេរោគអេដស៍»។
ព្រឹត្តិការណ៍នេះ នឹងរួមបញ្ចូលទាំងរឿងរ៉ាវផ្ទាល់ខ្លួន របស់អ្នកដែលបានជ្រើសរស់នៅ ជាមួយមេរោគអេដស៍ចូលរួមចំណែកទៅ សៀវភៅនេះ។ ការសម្ពោធសៀវភៅនេះ ត្រូវបានអមផងដែរដោយ ការតាំងពិព័រណ៍រូបថត នៃស្ត្រីទាំងប្រាំបីនាក់ដែលរស់នៅជា មួយមេរោគអេដស៍ មកពីឃុំរកា និងប្រាំមួយ នាក់ទៀតមកពី រាជធានីភ្នំពេញ។ តាមរយៈរឿងរ៉ាវផ្ទាល់ខ្លួននេះ សៀវភៅនិងព្រឹត្តិការណ៍នេះ មានគោលបំណងបំបាត់ និងផ្លាស់ប្តូរការយល់ឃើញ អំពីរឿងមិនពិតនៃអ្វីដែលវាមានន័យ ក្នុងការរស់នៅជាមួយមេរោគអេដស៍ និងការចែករំលែកបទពិសោធន៍ វិជ្ជមានក្នុងជីវិតរស់នៅ។ ដំណើរចេះតែបន្តទៅមុខ និងសូមជួយផ្សព្វផ្សាយ សារមិនអត់ឱនចំពោះការមាក់ងាយ និងការរើសអើង និងតម្រូវការចាំបាច់ដែលត្រូវផ្តល់ឲ្យ អ្នករស់នៅជាមួយមេរោគអេដស៍ ទាំងអស់ សម្រេចបាននូវសក្តានុពល ពេញលេញរបស់ខ្លួន។
សូមបញ្ជាក់ថា បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ នៃព្រះរាជាណាចក្រកម្ពុជា (CPN+)បណ្តាញអ្នករស់នៅជាមួយ មេរោគអេដស៍នៃព្រះរាជាណាចក្រកម្ពុជា គឺជាបណ្តាញថ្នាក់ជាតិ នៃអ្នករស់នៅជាមួយមេរោគអេដស៍ ដែលបានបង្កើតឡើង ពាក់កណ្តាលឆ្នាំ២០០១។ អង្គការនេះធ្វើការ នៅថ្នាក់ជាតិនិងថ្នាក់ខេត្ត ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ស្ថាប័នសុខាភិបាល អាជ្ញាធរក្នុងស្រុក និងជាមួយអង្គការសង្គមស៊ីវិលដទៃទៀត និងបណ្តាញសហគមន៍ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាល នៃមេរោគអេដស៍ និងស្លាកស្នាមអាស្រូវនិងការរើសអើង។ ចាប់តាំងពីការបង្កើតមក បណ្តាញ CPN +បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការតស៊ូមតិ, ការកសាងបណ្តាញ អ្នកផ្ទុកមេរោគអេដស៍តាមខេត្ត និងការផ្តល់ការគាំទ្រមិត្តជួយមិត្ត រួមទាំងតាមរយៈក្រុម ដោយខ្លួនឯង។ CPN + សន្យា ថាគ្មានការអត់ឱនលើការរំលោភសិទិ្ធ មនុស្សប្រឆាំងនឹងអ្នករស់នៅ ជាមួយនឹងមេរោគអេដស៍។ ផលប្រយោជន៍របស់សហគមន៍ អ្នករស់នៅជាមួយមេរោគអេដស៍ គឺខ្ពស់បំផុត៕