(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងលោកស្រី គង់ សំអាត អនុប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំយកនូវអំណោយចែកជូនចាស់ជរាក្រីក្រគ្មានទីពឹង ចំនួន១០៥គ្រួសារ ស្ថិតក្នុងឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ថ្លែងក្នុងឱកាសនោះលោក ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែនឹករលឹក គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយ ឬពណ៌សម្បុរអ្វីឡើយ។

លោក ម៉ុម សារឿន បន្តថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ប្រជាពលរដ្ឋជួបការលំបាកច្រើន ជាពិសេសចាស់ជរាក្រីក្រគ្មានទីពឹង កាន់តែមានភាពលំបាក ក្នុងការរស់នៅ។ ដោយមើលឃើញ ពីភាពលំបាកខ្វះខាតរបស់ចាស់ជរានេះហើយ កាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បាននាំយកនូវអំណោយចែកជូនចាស់ជរាទីទ័លក្រគ្មានទីពឹង ដើម្បីបានដោយស្រាយបញ្ហាជីវភាពបានមួយគ្រា។

ជាមួយគ្នានោះ លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យ មានការប្រយ័ត្នខ្ពស់ចំពោះការីក រាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវការពារខ្លួន តាមរយៈការរក្សាគម្លាតគ្នាក្នុងការរស់នៅ ពាក់ម៉ាស់ការពារ លាងដៃជាមួយសាប៊ូ អាកុលឬជែល មិនត្រូវជួបជំគ្នាច្រើន ឬកុំចេញទៅខាងក្រៅប្រសិនបើគ្មានកិច្ចការចាំបាច់។

សូមបញ្ជាក់ថា អំណោយដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នាំយកទៅចែកជូនចាស់ជរាទីទ័លក្រគ្មានទីពឹងនាពេលរួមមានក្នុងមួយគ្រួសារ អង្ករ១បេ មី១កេះ ត្រីខ១កេះ និងឃីត១កញ្ចប់៕