(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ២.៩ លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) ដើម្បីគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរបស់ខ្លួន សំដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយទំនួលខុសត្រូវនៅក្នុងតំបន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈនេះ។
ទន្លេមេគង្គ និងដៃទន្លេនេះ បានផ្តល់របរចិញ្ចឹមជីវិត សន្តិសុខស្បៀង និងសេវាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប ដល់ប្រជាជនប្រមាណ ៧០ លាននាក់ ដែលរស់នៅតាមដងទន្លេមេគង្គក្រោម។ បញ្ហាលំហូរទឹកទាបនៅដងទន្លេមេគង្គក្រោម កាលពីឆ្នាំ២០១៩ និង ឆ្នាំ២០២០ បានធ្វើឱ្យបណ្តាប្រទេសតាមដងទន្លេមេគង្គក្រោមទាំងអស់ រងផលប៉ះពាល់ជាច្រើន ដែលក្នុងនោះជីវភាពរស់នៅរបស់ប្រជាជនត្រូវបានរំខាន។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ដែលបានប្រារព្ធនៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋាន MRC ក្នុងទីក្រុងវៀងចន្ទ លោកបណ្ឌិត អាន ពេជ្រហត្ថដា ដែលជានាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានគូសបញ្ជាក់ថា៖ «ថវិកាជំនួយថ្មីនេះ គឺផ្តល់ចំកន្លែងស្នូលនៃបញ្ហាដែលតំបន់យើងជួបប្រទះ ហើយក៏រំពឹងថា នឹងត្រូវប្រឈមនាពេលអនាគត»។
ជំនួយនេះ គឺសម្រាប់រយៈពេល ៤ ឆ្នាំ ដោយគិតចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០២៤។ គេរំពឹងថា ថវិកានេះ នឹងជួយបង្កើនសមត្ថភាពតាមដាន និងវាយតម្លៃបរិស្ថានទន្លេ និងសម្របទៅនឹងការប្រែប្រួលជាទូទៅ របស់ MRC និងប្រទេសជាសមាជិករបស់ខ្លួន រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
សកម្មភាពសំខាន់ៗ ដែលគាំទ្រក្រោមជំនួយនេះ រួមមាន ការធ្វើឱ្យប្រសើរឡើងនូវបណ្តាញតាមដានទន្លេនិងសមត្ថភាពព្យាករណ៍ ក៏ដូចជាការបង្កើតនូវស្ថានីយតាមដានថ្មីៗ តាមដងទន្លេមេគង្គ។ ថវិកានេះ ក៏នឹងត្រូវប្រើប្រាស់ ដើម្បីធ្វើឱ្យព័ត៌មានសាធារណៈស្តីពីទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ដោយធានាថា សហគមន៍ក្នុងស្រុក និងរដ្ឋាភិបាល ទទួលបានព័ត៌មានទាន់ពេលវេលា ដើម្បីអនុវត្តយន្តការកាត់បន្ថយផលប៉ះពាល់នានាឲ្យបានសមស្រប។
ជំនួយថ្មីនេះ គឺជាជំនួយបន្ថែមលើថវិកា ៣.៩ លានដុល្លារអាមេរិក ដែលប្រទេសជប៉ុនបានផ្តល់ដល់ MRC កាលពីឆ្នាំមុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់ MRC ជប៉ុនបានផ្តល់ជាថវិកាជំនួយជាង ២១ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ប្រព័ន្ធធារាសាស្ត្រ ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន៕