(កាត្មាន់ឌូ)៖ យន្តហោះខ្នាតតូចមួយទៀតហើយ ដែលដឹកមនុស្ស ១០នាក់ បានធ្លាក់នៅតំបន់ភ្នំភាគខាងលិច ប្រទេសនេប៉ាល់ នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បន្ទាប់ពីអ្នកបើកបរបានព្យាយាមចុះចត ពេលស្ថានភាពមិនអំណោយផលបំផុត ប៉ុន្តែសំណាងល្អ មនុស្សនៅលើយន្តហោះទាំងអស់ មិនមានអ្នកស្លាប់ គ្រាន់តែរងរបួសប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ។
យន្តហោះខ្នាតតូចខាងលើនេះ ផ្ទុកអ្នកដំណើរ ០៨នាក់ និងពីឡុតម្នាក់ ព្រមទាំងអ្នកបម្រើម្នាក់ទៀត បានធ្លាក់នៅពេលរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីហោះចេញពីស្រុកណេប៉ាល់ហ្គាន់ច៍ (Nepalgunj) ឆ្ពោះទៅកាន់ស្រុកជុំឡា (Jumla) ភាគខាងលិចប្រទេសនេប៉ាល់។ យន្តហោះខាងលើនេះមានលេខសម្គាល់ 9N-AJB ជារបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុង ស្រុក Air Kasthamandap។
យោងតាមសំដីរបស់អាជ្ញាធរ បានឲ្យដឹងថា មិនមាននរណាម្នាក់បាត់បង់ជីវិតនោះឡើយ ប៉ុន្តែពីឡុត ហាក់បានទទួលរងរបួសធ្ងន់ធ្ងរជាងគេ ស្របពេលដែលអ្នកដំណើរទាំងអស់រងរបួសស្រាល។ ការធ្លាក់យន្តហោះលើកនេះ បានកើតឡើងបន្ទាប់ពីរយៈពេលពីរថ្ងៃ ដែលយន្តហោះមួយគ្រឿងទៀត ដឹកមនុស្ស ២៣នាក់ បានធ្លាក់នៅភាគខាងលិចប្រទេសនេះដូចគ្នា បានបណ្តាលឲ្យបាត់បង់ជីវិត មនុស្សជិះនៅលើនោះទាំងអស់៕