(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បន្ដចាត់វិធានការយ៉ាងតឹងរឹង ចំពោះបុគ្គលមិនអនុវត្តតាមវិធានរបស់សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក, បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពីលើអនុក្រឹត្យលេខ២៧ អនក្រ.បក។
នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងលិខិតនោះ បានកំណត់នូវចំណុច៣សំខាន់ៗ ដែលជាវិធានការរឹតបន្ដឹងបន្ថែមពីលើអ្វីដែលបានកំណត់ក្នុងច្បាប់រួមមាន៖
*ទី១៖ ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី
*ទី២៖ ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់
*ទី៣៖ ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កន្លងទៅថ្មីៗនេះ បានសម្រេចឲ្យបណ្តេញចេញពីកម្ពុជា និងលែងឲ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេស និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។ ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។
សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុងផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ក្នុងនោះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រកឃើញមានអ្នកឆ្លងរហូតដល់ ២៣៤នាក់៕