(កោះកុង)៖ លោក អ៊ូ រី ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចថ្មីខេត្តកោះកុង ជំនួសលោក សេរី ម៉ាណុប ដែលត្រូវចូលនិវត្តន៍។
ពិធីប្រកាសឱ្យចូលកាន់តំណែងប្រធានមន្ទីរទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកោះកុងថ្មីនេះ ធ្វើឡើងក្រោមវត្តមានលោក ឈូរ រស្មីប្ញទ្ធិ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីរាជការគ្រប់បណ្តាអង្គភាព នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោក អ៊ូ រី ប្រធានមន្ទីរទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចថ្មី បានថ្លែងថា ដោយអនុវត្តន៍ទៅគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានប្រគល់មុខតំណែងថ្មីជូនលោក ដើម្បីដឹកនាំការងារបន្តពីលោក សេរី ម៉ាណុប អតីតប្រធានចាស់បានចូលនិវត្ត ន៍លោកនឹងមន្ត្រីក្រោមឱវាទខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព កដើម្បីដឹកនាំការងារក្នុងអង្គភាពឱ្យបានល្អដោយមានការសាមគ្គីភាពរក្សាភាពផ្ទៃក្នុង ឱ្យបានរឹងមាំមានទំនាក់ទំនងជាមួយគ្រប់បណ្តា អង្គភាពឱ្យបានស្អិតរមួត ដើម្បីឈានទៅរកភាពរីកចម្រើនក្នុងការអភិវឌ្ឍប្រទេសជាតិ និងបង្កើនធនធានឱ្យមានភាពបន្ថែមទៀត។
លោក ឈូរ រស្មីប្ញទ្ធិ បានឱ្យដឹងថា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវខិតខំអនុវត្តន៍ទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងក្រសួងដែលបានដាក់ជូន ដើម្បីបង្កើនធនធានមនុស្ស បង្កើនការយល់ដឹងឱ្យខ្ពស់ ដើម្បីឈានទៅរកភាពរីកចម្រើនទាំងផ្នែកវិស័យសេដ្ឋកិច្ច និងវិស័យនានា ជាដើម។
ជាមួយគ្នានេះដែរលោកក៏បានណែនាំឱ្យប្រធានមន្ទីរថ្មី ត្រូវធ្វើទំនាក់ទំនងគ្រប់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បណ្តាអង្គភាពនានា ឱ្យបានល្អក្នុងកិច្ចការការងារ និងត្រូវមានក្រមសីលធម៌ល្អ ក្នុងការទំនាក់ទំនងរវាង អង្គភាពមួយទៅអង្គភាពមួយ ត្រូរចេះស្រឡាញ់សាមគ្គីគ្នារក្សាភាពផ្ទៃក្នុង ឱ្យបានល្អ ដើម្បីឈានទៅរកភាពរីកចម្រើនក្នុងអង្គភាព និងប្រទេសជាតិ៕