(ភ្នំពេញ)៖ កើតចេញពីកូនកសិករក្រីក្រ ដោយស្រលាញ់ការសិក្សា យុវជន ទូច នន បានតស៊ូរៀនសូត្រក្លាយជាសិស្សពូកែ ដោយទទួលបានការស្រលាញ់ពីលោកគ្រូ អ្នកគ្រូជាច្រើននៅក្នុងសាលា ដោយសារតែភាពតស៊ូ និងឧស្សាហ៍ព្យាយាម។ ក្នុងនាមជាសិស្សពូកែបានឡើងមកបន្តការសិក្សានៅទីក្រុងភ្នំពេញ ថ្នាក់អាហារូបករណ៍នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជំនាញវិស្វករអគ្គិសនី និងបានធ្វើការបណ្តើររៀនបណ្តើរ ដើម្បីបានប្រាក់ផ្តល់ឱ្យម្តាយដែលមានជីវភាពខ្វះខាតនៅស្រុកកំណើត។
រយៈពេល ៥ឆ្នាំ យុវជនរូបនេះបានវិវត្តន៍ខ្លួនយ៉ាងល្អរហូតក្លាយជាវិស្វករ១រូប ដែលពោរពេញដោយបទពិសោធន៍ការងារ តែជាអកុសល អតីតនិស្សិតតស៊ូ ទូច នន មិនទាន់បាននឹងបំពេញការងារប៉ុន្មានផង ជំងឺមហារីកពោះវៀនធំ ដ៏កាចសាហាវបានមកតាមយាយីរូបគាត់។ ឆ្លងកាត់ការវះកាត់លើកទី១ ជាមួយពេទ្យនៅខេត្តតាកែវ និងបានឱ្យគាត់ប្រើប្រាស់ថ្នាំជាប្រចាំ មិនបានជួយឱ្យគាត់បានធូរស្បើយនោះទេ។
ដោយសារជីវភាពក្រីក្រពេក ខ្វះខាតថវិកាដើម្បីទិញថ្នាំ ណាមួយទៀតដោយសារជីវភាពម្តាយកំពុងជួបប្រទះការខ្វះខាតផងដែរ យុវជន ទូច នន ដែលខ្លួនទើបតែបាន វះកាត់ជាង១ ខែនោះ បានទៅបំពេញការងារដើម្បី រកប្រាក់ទិញថ្នាំពេទ្យបន្ថែមទៀត។ បំពេញការងារជាអ្នកគូរប្លង់ទាំងលំបាក ព្រោះតែមិនអាចអង្គុយគូរបាននោះទេ ដោយពោះរបស់គាត់ត្រូវបានវះកាត់ គាត់បានដេកគូសប្លង់ទាំងសេរ៉ូមជាប់ដៃ។ ទោះជាគាត់បានខិតខំយ៉ាងណា ជំងឺរបស់របស់គាត់បានវិវត្តកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និងឈានទៅដល់ការវះកាត់ជាលើកទី២ នៅពេទ្យមិត្តភាពខ្មែរ-សូវៀត នៅចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ិច ប៊ុនលី នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោក ប៉ិច ប៊ុនលី មិត្តជិតស្និទ្ធរបស់យុវជនតស៊ូ ទូច នន បានឱ្យដឹងទៀតថា គិតត្រឹមប្រលងជាប់ទី១២ សម្លាញ់របស់គាត់បានតស៊ូមករៀនភ្នំពេញ (ជាប់អាហារូបករណ៍) ទោះជីវភាពគ្រួសារខ្វះខាតក្តីរៀនបណ្តើរធ្វើការបណ្តើរ ធ្វើជាអ្នករត់តុ អ្នកលាងចាន កូនកាំបិត រៀនថ្ងៃធ្វើការយប់ ទោះបីជិះកង់ទៅរៀន ជិះកង់ទៅធ្វើការ ក៏សម្លាញ់របស់គាត់ស៊ូបាន។ លោកបានបន្តថា «ជីវភាពដុនដាបពេក ក៏ស្នើសុំគ្រូដូរវេនរៀនពេលយប់ (តាមគោលការណ៍សាលា សិស្សអាហារូបករណ៍ត្រូវរៀនថ្ងៃ) ដោយគ្រូមើលឃើញពីក្តីលំបាកវេទនា គាត់ក៏អនុញ្ញាតឲ្យរៀនវេនយប់ ដើម្បីបានធ្វើការពេញម៉ោងពេលថ្ងៃ»។
ចាប់ផ្តើមពីកម្មករសំណង់នៅការដ្ឋាន រៀនទ្រឹស្តីនៅសាលា ក៏វិវត្តខ្លួនទៅជាវិស្វករ១រូបដែលពោរពេញដោយបទពិសោធន៍ កើតចេញពីការតស៊ូ រើបម្រះចេញពីជីវភាពក្រីក្រ។ ចេញធ្វើការក្នុងនាមជាវិស្វករ ជាអ្នកម៉ៅការដែលពោរពេញទៅដោយបទពិសោធន៍ តែជាអកុសលមិនទាន់បានស្រួលបួលប៉ុន្មានផង ដុំសាច់កាចក៏បានមកតាមរំខានមិត្តភក្តិរបស់គាត់ រហូតបាត់បង់ការងារធ្វើអស់ទ្រព្យសម្បត្តិពីខ្លួន។
ការវះកាត់មិនទាន់បាន២ខែស្រួលបួលផង លោក ទូច នន ខំទៅធ្វើការទាំងឈឺ ទាំងចោះឆ្អឹងជំនីដើម្បីបន្ទោរបង់ ដៃម្ខាងគូរប្លង់ ដៃម្ខាងដាក់សេរ៉ូម ឆ្អឹងជំនីជាប់ថង់ផ្ទុកកាកសំណល់ អ្នកទាំងអស់គ្នាគិតមើលថាគាត់តស៊ូប៉ុណ្ណា? គាត់ស៊ូប៉ុណ្ណឹងហើយ នៅតែអាជំងឺចង្រៃមកតាមធ្វើទុក្ខគាត់ទៀត ហេតុអ្វីទេវតាមិនមេត្តាដល់អ្នកតស៊ូ? ហេតុអ្វីមិនជួយអ្នកដែលខំពុះពារគ្រប់ឧបសគ្គ? ហេតុអ្វីបណ្តាលឲ្យសាច់ដែលកាត់ហើយត្រូវដុះមកឡើងវិញ ឬមួយក៏អ្នកចង់ផ្តាច់ផ្លូវដើររបស់គាត់?
សង្ឃឹមថា សម្លាញ់របស់គាត់អាចប្រយុទ្ធឈ្នះជំងឺដ៏សាហាវនេះ ដើម្បីបន្តអាជីពជាវិស្វករដែលពោរពេញទៅដោយបទពិសោធន៍ (ក្រុមហ៊ុនចិនទទួលគាត់ឲ្យធ្វើការទាំងឈឺ មកពីគេគិតពីសមត្ថភាព និងការតស៊ូ) ផងចុះ សង្ឃឹមថាសម្លាញ់របស់គាត់នៅតែមានការតាំងចិត្តខ្ពស់ ដើម្បីម៉ែឪដែលនៅតែចាំកូន ចាំផ្លូវកូន ចាំដំណឹងកូនសះស្បើយពីជំងឺ។
លោក ប៉ិច ប៊ុនលី និងយុវជនតស៊ូ ទូច នន ដែលកំពុងតែដេកសម្រាកនៅលើគ្រែពេទ្យ បានលើកដៃសំពះស្នើសុំសប្បុរសជនជួយយកអាសាទុក្ខលំបាកដ៏ធំមួយនេះផង ខណៈមកដល់ពេលនេះគាត់អស់លទ្ធភាពក្នុងព្យាបាល និងចង់អស់សង្ឃឹមក្នុងការតស៊ូបន្តទៅមុខទៀតហើយ។
សូមបញ្ជាក់ថា សម្រាប់សប្បុរសជនដែលចង់ចូលរួមជួយជាសទ្ធាជ្រះថ្លា ជួយដល់យុវជនតស៊ូ ទូច នន អាចជួយបានតាមរយៈ ABA 001 379 962 PECH BUNLY និងអាចតាមរយៈលេខទូរស័ព្ទយុវជនតស៊ូ ទូច នន ដោយផ្ទាល់ 070 245 656 ៕